ប្រតិបត្តិការប្រមូលគ្រាប់ផ្ទុះក្រោមទឹកបាតទន្លេមេគង្គ ប្រមូលបានជាង១៥តោន

អត្ថបទដោយ៖
Kien Sereyvuth

ប្រតិបត្តិការរុករកនាវានិងការប្រមូលគ្រាប់មិនទាន់ផ្ទុះនៅក្រោមបាតទន្លេក្នុងខេត្តកំពង់ចាម បានប្រមូលគ្រាប់មិន ទាន់ផ្ទុះជាង១៥តោនហើយ។ ប្រតិបត្តិការ រុករកនិងប្រមូលគ្រាប់មិនទាន់ផ្ទុះនេះបាន ចាប់ផ្តើមតាំងពីខែតុលាឆ្នាំ ២០២០នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាកន្លែងនាវាចម្បាំង២គ្រឿងផ្ទុកគ្រឿងសព្វាវុធរបស់អតីត ទាហានរបបសាធារណរដ្ឋខ្មែរលោកលន់នល់ បានលិចកាលពី៤៩ឆ្នាំមុន។ គ្រាប់យុទ្ធភណ្ឌដែលលិចនោះ ត្រូវគេប៉ាន់ប្រមាណថា អាចមានសារុបពីចំនួន៤០ទៅ៥០តោន។ យោងតាមហ្វេសប៊ុករបស់សម្តេចក្រឡាហោម សខេងថ្ងៃទី៨មីនានេះ ការប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេមេគង្គ ក្នុងភូមិ វាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទើបប្រមូលបានចំនួន១ម៉ឺន៥ពាន់២៨២គីឡូក្រាម រួមទាំងអដ្ឋិ ធាតុទាហានលន់នល់ និងសម្ភារៈសឹកមួយចំនួនទៀត។ ប្រតិបត្តិការប្រមូលគ្រាប់មិនទាន់ផ្ទុះ គ្រោងនឹងបញ្ចប់ នៅខែឧសភា មុនការមកដល់នៃរដូវវស្សា។ ប៉ុន្តែសម្ដេចក្រឡាហោមសខេង បានថ្លែងសង្កត់ធ្ងន់ថា ប្រតិបត្តិការ មិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយ ពោលគឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត។ កម្ពុជាបាន ដាក់ទិសដៅបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ ផ្ទុះសេសសល់ពីសម័យសង្គ្រាមអោយអស់ ទាំងស្រុងនៅ ក្នុងឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ក្រុមការងារ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ សម្ដេចតេជោប្រមុខរាជ រដ្ឋាភិបាលបានសម្រេចបន្ថែមសមាសភាពសមាជិកក្រុមការងារមួយចំនួន ទៀត ដើម្បីជម្រុញប្រមូលយុទ្ធភណ្ឌគ្រឿងផ្ទុះ។ តាមរយៈសេចក្ដីសម្រេចចុងក្រោយនោះ កិច្ចប្រតិបត្តិការក្រុមការងារ អន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នឹងត្រូវបន្តអនុវត្តនៅភូមិសាស្រ្តមួយចំនួនទៀត រួមមានស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និង ស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែងផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner