ឈប់ធ្វើកម្មករចំណាកស្រុកមកលក់នំប៉័ងតួគីបង្កើនជីវភាពធូរធាទាំងគ្រួសារ

ភ្នំពេញ ៖ មុខរបរធ្វើនំប៉័ងតួគីនាពេលបច្ចុប្បន្នបានក្លាយជាអាជីវកម្មខ្នាតតូច និងមានប្រជាប្រិយភាព ដោយសារតែចំណូលដែលទទួលបានពីមុខរបរដ៏សាមញ្ញមួយនេះអាចរកចំណូលប្រចាំថ្ងៃបាន និងជួយកែប្រែកម្រិតជីវភាពបានយ៉ាងល្អប្រសើរ។ នំប្រភេទនេះគេអាចបរិភោគជាអាហារសម្រន់ពេលព្រឹកក៏បាន ពេលរសៀលគ្រាន់កំដរមាត់ក៏បាន។

នៅក្បែររបងវិទ្យាល័យផ្សារដើមថ្កូវ មានរទេះលក់ដូរហូរហែ ក្នុងនោះក៏មានអាជីរករម្នាក់គឺអ្នកស្រី ប៉ែន ស្រីពៅ ប្រកបរបរជាអ្នកលក់នំតួគីដែលជាប្រភេទនំកំពុងទទួលបានការចាប់អារម្មណ៍ទទួលទានពីសំណាក់មនុស្សជាច្រើន។

ឈរនៅក្បែររទេះនំដែលមានឈ្មោះថា ហេង មាន អ្នកស្រី ប៉ែន ស្រីពៅ បានមានប្រសាសន៍ថា ៖«ខ្ញុំលក់នំនេះយូរហើយ ខ្ទង់៧ ទៅ ៨ឆ្នាំហើយ ឯម៉ូយក៏មានច្រើនដែរ។ ម៉ូយនីមួយៗខ្ញុំសុទ្ធតែចាំថាដាក់អ្វីខ្លះ មិនដាក់អ្វីខ្លះ»។
អាជីវករចាស់វស្សារូបនេះរៀបរាប់ទៀតថា កាលដើមឡើយគាត់ធ្វើស្រែ តែបានផលមកស្ទើរមិនអាចផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃបានផង ហើយពិបាកក្នុងការផ្គត់ផ្គង់ការរៀនសូត្ររបស់កូនទៀត ដូច្នេះអ្នកស្រីរួមជាមួយប្អូនបង្កើតក៏បានសម្រេចចិត្តចេញទៅធ្វើការជាកម្មកររោងចក្រសាច់មាន់នៅឯប្រទេសថៃ។ ការធ្វើជាកម្មករគេមិនដែលស្រួលនោះទេ ទាំងហត់ ទាំងក្ដៅ ហើយបានប្រាក់ខែប្រមាណ 5,000បាត ដែលស្មើនឹងប្រមាណជាជាង 160ដុល្លាប៉ុណ្ណោះក្នុងមួយខែ។ វាជាការងារដែលផ្ទុយពីបច្ចុប្បន្ន ដែលអាចរកកម្រៃបានគ្រាន់បើ នៅក្នុងស្រុក ហើយអាចត្រឡប់ទៅផ្ទះតាមដែលចិត្តចង់។

អ្នកស្រីបានប្រាប់ទៀតថា ៖«ដំបូងខ្ញុំទៅធ្វើការនៅថៃ តែពុកខ្ញុំបានហៅមកវិញ គាត់ថាមិនបាច់ទៅឆ្ងាយទេ មកធ្វើការនៅខ្មែរវិញមកកូន ហើយខ្ញុំក៏បានចាប់ផ្ដើមប្រកបមុខរបរនេះបន្ទាប់ពីរៀនបន្តពីប្អូនដែលរស់នៅស្រុកថៃ»។

ការរៀនជំនាញធ្វើនំនេះត្រូវចំណាយប្រមាណ 1,000ដុល្លារទៅលើថ្លៃរូបមន្តគ្រឿងផ្សំ ចំណែកឯសម្ភារផ្សេងៗដូចជារទេះ ម៉ាស៊ីនម្ដៅនំ ម៉ាស៊ីនកម្ដៅសាច់តួគី ដែលសរុបរួមប្រើដើមទុនប្រមាណ 3,000ដុល្លារ។ តែដល់ពេលបច្ចុប្បន្ន តម្លៃនៃការរៀនមិនថ្លៃដល់តម្លៃខាងលើនោះទេ ព្រោះគ្រឿងផ្សំមិនពិបាករកដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ពោលគឺការរៀនរូបមន្តចំណាយត្រឹមប្រមាណ 500ដុល្លារ ហើយសម្ភារផ្សេងៗគឺអាស្រ័យលើយើងជាអ្នកទិញប៉ុណ្ណោះ។

អ្នកស្រី ស្រីពៅ បានបញ្ជាក់ថា ការលក់នំនេះមិនសូវជាពិបាកប៉ុន្មាននោះទេ ដោយគេត្រូវរៀបចំធ្វើសាច់តួគី ចិតបន្លែ ដូចជា ស្ពៃក្ដោប ត្រសក់ ប៉េងប៉ោះ និងខ្ទឹមបារាំង នៅផ្ទះទុករួចជាស្រេច។ លុះទៅដល់កន្លែងលក់ នៅពេលមានគេមកទិញ យើងគ្រាន់តែយកស្បែកនំតួគីដាក់ក្នុងចង្ក្រានកម្ដៅមួយល្មមស្រួយល្អ ហើយចាប់សាច់ បន្លែ ហើយបន្ថែមទឹកប៉េងប៉ោះ ទឹកម្ទេស និងម៉ាយ៉ានេស ហើយខ្ចប់ក្រដាសឱ្យភ្ញៀវជាការស្រេច ប៉ុន្តែត្រូវការរើសទីតាំងសម្រាប់លក់ដែលជាកត្តាសំខាន់ ព្រោះបើរើសចំកន្លែងត្រូវគឺសម្បូរមនុស្សឆ្លងកាត់ នោះការរកស៊ីនេះពិតជាបានល្អមិនខាន។

ក្នុងមួយថ្ងៃអ្នកស្រីអាចលក់អស់ជាមធ្យម 100នំ ដោយក្នុងនំមួយមានតម្លៃ 3,500រៀល តែបើអតិថិជនចង់ថែមពងទាចៀន នោះនំមួយមានតម្លៃ 4,000រៀល ហើយទូទាត់ផាត់ថ្លៃដើមនៃគ្រឿងផ្សំដូចជាសាច់ បន្លែ សំបកនំចេញ គឺអាចចំណេញប្រហែលជាពាក់កណ្ដាលនៃតម្លៃនំយ៉ាងណាមិញ ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះបានបញ្ជាក់ថា ដោយសារមុខរបរលក់នំប៉័ងតួគីនេះបានជួយកែប្រែកម្រិតជីវភាពគ្រួសារបានធូរស្រាលជាងមុនច្រើន ហើយអាចផ្គត់ផ្គង់ដល់កូនសិក្សាបានគ្រប់គ្រាន់ ហើយអ្វីដែលកាន់តែពិសេស គឺអាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ អាចបន្តចំណេះ ជំនាញនេះដល់បងប្អូន សាច់ញាតិដែលចង់រៀនបន្តបាន ហើយមិនចាំបាច់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលធ្វើជាកម្មករនៅប្រទេសគេនោះទេ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner