Warren Buffett កើនទ្រព្យសម្បត្តិដល់ 100 ពាន់លានដុល្លារជាលើកដំបូង

បរទេស៖ គិតត្រឹមថ្ងៃពុធម្សិលមិញនេះបុរសជាអ្នកវិនិយោគដ៏ល្បីល្បាញ Warren Buffett គឺត្រូវបានគេមើលឃើញថាបានកើនឡើងទ្រព្យសម្បត្តិដល់ទៅ 100 ពាន់លានដុល្លារជាលើកដំបូងហើយបន្ទាប់ពីក្រុមហ៊ុន Berkshire Hathaway Inc របស់គាត់បានកើនឡើងភាគហ៊ុនដល់កំណត់ត្រានៅក្នុងខែមិនានេះ។

ការវាស់វែងទ្រព្យសម្បត្តិរបស់គាត់ត្រូវបានធ្វើឡើងដោយទស្សនាវដ្តី Forbes និងចេញពីការគណនានៃភាគហ៊ុនដែលបុរសរូបនេះមានស្ទើរតែ 1 ភាគ 6 នៃតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនជាង 600 ពាន់លានដុល្លារ។ ស្តុកហ៊ុនរបស់ Berkshire បានកើនឡើងខ្លាំងនៅក្នុងខែមីនានេះពោលគឺរហូតទៅដល់ 400,000 ដុល្លារក្នុងមួយហ៊ុនសម្រាប់ហ៊ុនកម្រិត Class A។

ការវាស់វែងលើកនេះត្រូវបានធ្វើឡើងនៅក្រោយពេលក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង Nebraska រដ្ឋ Omaha មួយនេះធ្លាប់បានប្រកាសកាលពីថ្ងៃទី 27 ខែកុម្ភៈកន្លងមកហើយថាប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី 4 នៅតែមានកំណើនទោះបីជាមានការវាយប្រហារដោយកូវីដក្តី ហើយក្នុងនោះប្រាក់ចំណូលរបស់ខ្លួនបានមកភាគច្រើនពីការកើនឡើងនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុនជាច្រើនដែលខ្លួនបានវិនិយោគដូចជា Apple Inc និងក្រុមហ៊ុនស្តុកផ្សេងទៀតដែលមានទំហំប្រាក់ចំណេញសរុបដល់ទៅ 35.8 ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់បុរសវ័យ 90 ឆ្នាំរូបនេះផងដែរក៏ត្រូវបានគេមើលឃើញថាបានកើនឡើងដល់កម្រិតដែលលោកមិនធ្លាប់មានឡើយចាប់តាំងតែពីឆ្នាំ 2006 នៅពេលដែលគាត់ចាប់ផ្តើមធ្វើការបរិច្ចាគទ្រព្យរបស់គាត់ទៅដល់អង្គការមូលនិធិ Bill&Melinda Gates ព្រមទាំងអង្គការមូលនិធិចំនួន 4 ផ្សេងទៀត។

កាលពីដើមឡើយទ្រព្យរបស់លោក Buffett មានទំហំស្ទើតែ 1 ភាគ 3 នៃក្រុមហ៊ុន Berkshire ហើយគិតមកដល់ពេលនេះប្រាក់បរិច្ចាគរបស់គាត់មានចំនួនសរុបប្រមាណជា 37 ពាន់លានដុល្លារមកហើយ។

រំលឹកដែរថា Berkshire គឺជាក្រុមហ៊ុនវាយនភណ្ឌដែលបរាជ័យមួយនៅពេលដែលលោក Buffett បានឡើងកាន់តំណែងកាលពីឆ្នាំ 1965 ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុនបានក្លាយទៅជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនតូចធំប្រមាណជាង 90 ដូចជា Geico car insurer និង BNSF railroad ជាដើម ហើយគិតត្រឹមចុងឆ្នាំ 2020 កន្លងទៅនេះក្រុមហ៊ុនបានកាន់កាប់ភាគហ៊ុនសរុបមានតម្លៃរហូតទៅដល់ 281.2 ពាន់លានដុល្លារ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner