រដ្ឋបាលក្រុងស្វាយរៀង៖ ប្រជាពលរដ្ឋទាំងអស់ មុននឹងសាងសង់សំណង់ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន
ស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសុំច្បាប់សាងសង់សំណង់ ដើម្បីធានាឲ្យមានភាពរឹងមាំធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាពឲ្យស្របតាមបច្ចេកទេសសំណង់ គឺឲ្យស្អាត ឲ្យល្អ ឲ្យមាំ ឲ្យជាប់និងស្របច្បាប់ ។ ការថ្លែងបែបនេះបានធ្វើឡើងក្នុងការចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់សំណង់នៅក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២១នេះ ដោយមានការចូលរួមពីមន្ត្រីជំនាញនិងអាជ្ញាធរសង្កាត់ផងដែរ។
លោកបានបន្តថាដើម្បីឲ្យសំណង់សាងសង់មានគុណភាពប្រជាពលរដ្ឋត្រូវសុំច្បាប់អនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ នៅច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលក្រុង ព្រោះការងារសាងសង់មានច្បាប់ គឺភ្ជាប់មកជាមួយនូវប្លង់ដីឲ្យបានច្បាស់លាស់ ដែលមានការទទួលស្គាល់ពីអាជ្ញាធរនិងមន្ទីរជំនាញ។
លោកបន្តថា សំណង់ស្របច្បាប់អាចកាត់បន្ថយនូវទំនាស់ជាមួយអ្នកជិតខាង ព្រោះពេលដែលយើងធ្វើ ត្រូវអនុវត្តន៍នូវគំលាត នគរូបនីយកម្មបញ្ញតិ និងមិនឲ្យប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋមិនឲ្យមានទំនាស់រវាងម្ចាស់សំណង់ និងក្រុមជាង ដោយឃើញថា កន្លងទៅមានទំនាស់ញឹកញាប់ដែលប្រជាពលរដ្ឋម្ចាស់សំណង់ ប្តឹងមកមន្ទីរឲ្យជួយដោះស្រាយដោយសារការសាងសង់សំណង់គ្មាន គុណភាព ជាដើម។
លោកបានបញ្ជាក់ថាការស្នើសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវគឺផ្តល់ភាពជាគំរូល្អនិងជាមោទនភាពសម្រាប់ខ្លួនឯង និង សង្គមជាតិ ហើយត្រូវចូលរួមសហការណ៍ឲ្យបានល្អ តាមការណែនាំរបស់រដ្ឋបាលក្រុង ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ និង ដើម្បីធានាថារាល់សំណង់ទាំងអស់មានលក្ខណៈស្របច្បាប់ជៀសវាងមានទំនាស់ទៅថ្ងៃក្រោយ៕