អភិបាលខេត្តកំពត បើកកិច្ចប្រជុំនិងពិភាក្សារកដំណោះស្រាយ លើកបញ្ហាទំនាស់ដីធ្លី

កំពត ÷ អភិបាលខេត្តកំពត ដាក់វិធានការចំនួន៣ចំណុចសំខាន់ ឲ្យក្រុមហ៊ុននិងគ្រួសារកងទ័ពរួម នឹងក្រុមការងារខេត្ត អនុវត្តពាក់ព័ន្ធទំនាស់ដីធ្លីឲ្យបានឆាប់ចប់នឹងគ្មានបង្កអំពើហិង្សា។

អភិបាលខេត្តកំពត បញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍន៍ក៏ដូចជាការវិនិយោគ របស់ក្រុមហ៊ុននានាក្នុងភូមិសាស្ត្រ ខេត្តកំពត រដ្ឋបាលខេត្តកំពត តែងតែមានការគាំទ្រនិងចូលរួមកិច្ចសហការជានិច្ច ដើម្បីធ្វើអោយមានកំណើនសេដ្ឋកិច្ចជាតិ និងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍ និងការវិនិយោគ របស់ក្រុមហ៊ុន ត្រូវផ្អែកលើកត្តានយោបា មិនត្រូវធ្វើឲ្យមានការប៉ះពាល់ថ្នាំងថ្នាក់និងបង្កការលំបាកដល់ប្រជាពលរដ្ឋ គឺផ្អែកលើកត្តាសេដ្ឋកិច្ចនិងនយោបាយទាំងពីរ មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។

ឯកឧត្តម ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត បញ្ជាក់ថា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បើកកិច្ច ប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យពិភាក្សារកដំណោះស្រាយលើ ករណីរបស់ក្រុមហ៊ុន (វើលទ្រីស្តា អ៊ិនធើថិនមេន) លោកឧកញ៉ាសូ ងួន ដែលមានការពាក់ព័ន្ធទំនាស់ដីធ្លី រវាងគ្រួសារកងកម្លាំងទ័ពសមាហរណកម្មការពារកោះឆ្នេរមានទីតាំង ដីស្ថិតក្នុងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត ។ រដ្ឋបាលខេត្តកំពត ជានិច្ចកាលពាក់ព័ន្ធនឹង ទំនាស់មិនថា ក្រុមហ៊ុនឬប្រជាពលរដ្ឋ  ពិសេសទំនាស់ដីធ្លីរវាងក្រុមហ៊ុនជាមួយគ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុង ភូមិសាស្ត្រខេត្តកំពត កន្លងមក គឺរដ្ឋបាលខេត្ត តែងតែបានចុះជួយអន្តរាគមន៍ដោះស្រាយគ្រប់ពេលវេលាមិនគិតថាម៉ោងណាទេ ដោយ រដ្ឋបាលខេត្ត មិនដែលព្រងើយកន្តើយទុកចោលរឿងឲ្យកើតឡើងស្ថិតក្នុងរដ្ឋបាលខេត្ត ក្លាយជាអំពើហិង្សាធ្ងន់ធ្ងរបានឡើយ ។ ជាលទ្ធផលទោះបីយ៉ាងណាកិច្ចប្រជុំនេះឯកឧត្តម បានដាក់ជាសំណូមពរវិធានការ ស្នើដល់ភាគីទំនាស់រវាងក្រុមហ៊ុន ឧកញ៉ាសូ ងួន និងតំណាងគ្រួសារកងទ័ព ដែលមានការពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីនេះ រួមមាន ៣ចំណុច។

ទី១- សូមឲ្យក្រុមហ៊ុនអនុវត្តសកម្មភាព នៅតែក្នុងដីរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីរួច ដែលមិនមានការពាក់ព័ន្ធទំនាស់ ចំណែកដីនៅក្រៅការចុះបញ្ជី សូមឲ្យក្រុមហ៊ុនរក្សាទុកនឹងផ្អាកសកម្មភាពដើម្បីរកដំណោះស្រាយបន្តនៅលើទីតាំងដីជាក់ ស្ដែងនោះបន្ថែមទៀត។

ទី ២- សូមឲ្យ ក្រុមការងារ បន្តការចុះសិក្សាទីតាំងដីកន្លែងណាឲ្យបានពិតប្រាកដច្បាស់លាស់ តាម ស.ជ.ណ របស់ រាជរដ្ឋាភិបាល ដែលបានសម្រេចជូនគ្រួសារកងទ័ព ដែលបានដាក់ស្នើសុំកន្លងមកទៅ ជូនរាជរដ្ឋាភិបាល ហើយត្រូវរៀបចំ ឯកសារ តាមការលើកឡើងរបស់តំណាងក្រសួងកសិកម្ម ឲ្យដាក់ស្នើជូនទៅក្រសួងកសិកម្ម ដើម្បីសម្រេចដោះស្រាយឲ្យ បានឆាប់ចប់ជូនគ្រួសារកងទ័ពដែលមានការពាក់ព័ន្ធទាំងអស់។

ទី៣- អភិបាលខេត្ត បានសំណូមស្នើឲ្យ ក្រុមហ៊ុនឧកញ៉ា សូ ងួន និងគ្រួសារកងទ័ព សូមរួមគ្នាដោះស្រាយ ដោយសន្តិវិធី តាមលក្ខណៈច្បាប់ មិនអាចដើរផុតពីនេះបានឡើយ ពិសេសត្រូវបញ្ចៀសឲ្យផុត មិនត្រូវបង្កទំនាស់ក្លាយជាហិង្សា ឲ្យបាន ដាច់ខាត ដែលនាំឲ្យប្រឈម នឹងការទទួលខុសត្រូវចំពោះមុខច្បាប់។

តំណាងគ្រួសារយោធិនពាក់ព័ន្ធ នឹងដីធ្លី រាជរដ្ឋាភិបាលធ្វើប្រទានកម្មជូនគ្រួសារកម្លាំងទ័ពសមារណកម្មការពារ កោះឆ្នេរ ស្ថិតក្នុងតំបន់ក្នុងឃុំត្រពាំងភ្លាំង មានសរុបប្រមាណជាង១០០០ហិចតា ។ ប៉ុន្តែសុំការកាន់កាប់ជាក់ស្ដែង មានចំនួន ប្រមាណ៧៤០ហិកតា មួយចំនួនបានចេញប្លង់កម្មសិទ្ធិរួចរាល់ហើយ តែមានទំនាស់ជាមួយក្រុមហ៊ុនសូ ងួនចំនួន៣ទីតាំង មានផ្ទៃដីសរុប ៤៧៨ហិចតា ដើម្បីធ្វើការដោះស្រាយនិងសុំប្លង់កម្មសិទ្ធិកាន់កាប់នៅពេលនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner