ចិនឈរនៅលំដាប់កំពូលនៃការធ្វើពាណិជ្ជកម្មជាមួយអ៊ឺរ៉ុប មានទំហំទឹកប្រាក់ជិត 50ពាន់លានអ៊ឺរ៉ូ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា គិតត្រឹមខែមករាដើមឆ្នាំ2021 កន្លងទៅនេះទំហំនៃការនាំចេញនាំចូលរវាងចិន និងអឺរ៉ុបត្រូវបានគេមើលឃើញថានៅតែឈរនៅលំដាប់ទី 1 លើបណ្តាប្រទេសនានាជាដៃគូពាណិជ្ជកម្មរបស់អឺរ៉ុបដដែល ពោលគឺមានរហូតទៅដល់ 49.4 ពាន់លានអ៊ឺរ៉ូ។

ការនាំចេញទំនិញរបស់អឺរ៉ុបចូលទៅកាន់ទីផ្សារចិនមានចំនួនប្រមាណជា 16.1 ពាន់លានអ៊ឺរ៉ូកាលពីខែមករា កើនឡើងប្រមាណជា 6.6 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំទៅ ខណៈដែលការនាំចេញរបស់ចិនទៅកាន់ទីផ្សារអឺរ៉ុបវិញមានត្រឹមតែ 33.3 ពាន់លានអ៊ឺរ៉ូ ស្ថិតនៅក្នុងអត្រាធ្លាក់ចុះ 3.8 ភាគរយ។

តួលេខដែលត្រូវបានធ្វើការស្រាវជ្រាវ និងបង្ហាញដោយការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិរបស់សហភាពអឺរ៉ុបបានបញ្ជាក់ថា ប្រទេសចិននៅតែជាប់ឈ្មោះជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់អឺរ៉ុបធៀបទៅនឹងដៃគូពាណិជ្ជកម្មផ្សេងទៀតបូករួមទាំងអាមេរិក និងជប៉ុនផងដែរ។

ប្រភពដដែលក៏បានសរសេរទៀតថា ប្រទេសចិនបានក្លាយទៅជាទីផ្សារ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់អឺរ៉ុបតាំងតែខែកក្កដាឆ្នាំ2020 មកម្ល៉េះដោយអាចទំលាក់អាមេរិកចេញពីតំណែងកំពូលនេះ។ នៅក្នុងខែមករាដូចគ្នានេះគេមើលឃើញដែរថាការនាំចេញរបស់អឺរ៉ុបទៅកាន់ទីផ្សារអាមេរិកមានប្រមាណជា 28.2 ពាន់លានអ៊ឺរ៉ូប ធ្លាក់ចុះដល់ទៅ 9.6 ភាគរយធៀបទៅនឹងតួលេខឆ្នាំចាស់ ហើយការនាំចេញរបស់អាមេរិកទៅទីផ្សារអឺរ៉ុបវិញក្នុងពេលដូចគ្នាគឺមានការធ្លាក់ចុះខ្លាំងរហូតទៅដល់ 26.3 ភាគរយ។

ងាកទៅកាន់អង់គ្លេសឯណោះវិញ ចាប់តាំងតែពីបានចាកចេញពីប្លុកអឺរ៉ុបការនាំចេញនាំចូលរវាងទីផ្សារទាំងពីរគឺស្ថិតនៅក្នុងបញ្ហានៅឡើយ ហើយជាលទ្ធផលការនាំចេញនាំចូលគឺមានការធ្លាក់ចុះដល់ទៅ 27.4 ភាគរយ និង 50.5 ភាគរយរៀងគ្នាសម្រាប់ខែមករាកន្លងទៅនេះ ប៉ុន្តែទោះជាយ៉ាងណា អង់គ្លេសនៅតែអាចឈរនៅលេខរៀងលំដាប់ទី 3 បន្ទាប់ពីចិន និងអាមេរិកក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អឺរ៉ុប៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner