នៅរាជធានីភ្នំពេញមានទីតាំងចំនួន២០កន្លែង សម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមនុស្សចាស់អាយុចាប់ពី ៦០ឡើង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញមកដល់ល្ងាចថ្ងៃទី២៣មីនានេះបានរៀបចំរួចជាស្រេចហើយនូវទីតាំងចំនួន២០កន្លែងសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមនុស្សចាស់អាយុចាប់ពី៦០ឡើងខណៈដែលកន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញមានមន្ទីរពេទ្យបង្អែកចំនួន០៨ទីតាំងក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ប៉ុន្តែមកដល់ពេលនេះពោលគឺក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនក្រុមមនុស្សអាយុ៦០ឆ្នាំឡើងនេះរដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានទីតាំងចំនួន១២បន្ថែមទៀត។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី២២មីនានេះបានបញ្ជាក់ឲ្យដឹងថាយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ជូនក្រុមមនុស្សអាយុ៦០ឆ្នាំឡើងចំនួន៥៥.៧០០នាក់នៅរាជធានីភ្នំពេញជាការសម្រេចដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងការទទួលបានវ៉ាក់សាំងនឹងចាប់ផ្តើមធ្វើពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះតទៅក្នុងរយៈពេលពីរសប្តាហ៍។

សេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល(CoviSHIELD)ដែលទទួលបានអាជ្ញាបណ្ណផលិតពីអាស្ត្រាហ្សែនីកា(AstraZereca)សម្រាប់ក្រុមមនុស្សអាយុពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថាដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះនិងយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានរកឃើញថាក្រុមមនុស្សវ័យចាស់គឺជាក្រុមងាយរងគ្រោះខ្ពស់បើមានការចម្លងជំងឺកូវីដ-១៩វាងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរនិងបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវនេះ។សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមានអាយុវ័យចាស់ឲ្យទទួលបានវ៉ាក់សាំងកូវីដ១៩ឲ្យបានឆាប់បំផុតដែលអាចធ្វើបាន។

ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសសូមជម្រាបជូនដល់សាធារណជនទាំងអស់ថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងកម្រិតចំនួន៥៥.

៧០០នាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១តទៅចាប់ពីម៉ោង០៨និង០នាទីព្រឹកនៅតាមទីតាំងចំនួន២០ក្នុងខណ្ឌចំនួន១៤។លោកស្រីឱវណ្ណឌីនសូមអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោកអុំពូមីងពុកម៉ែបងប្អូនទាំងអស់រស់នៅបច្ចុប្បន្នដើម្បីចុះឈ្មោះនិងសម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានឆាប់ជាទីបំផុតអនុវត្តន៍តាមការណែនាំនិងការអញ្ជើញពីអាជ្ញាធរសង្កាត់ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ដើម្បីចៀសវាងការមកកកកុញចាំយូរនៅកន្លែងចាក់វ៉ាក់សាំងដែលបង្កជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ដែលកំពុងតែចរាចរយ៉ាងសកម្មនៅរាជធានីភ្នំពេញនិងដើម្បីការពារខ្លួនយើងគ្រួសារយើងនិងសហគមន៍យើង។

សូមជម្រាបជូនផងដែរថាការចាក់វ៉ាក់សាំងនេះត្រូវធ្វើទៅតាមខណ្ឌនីមួយៗដែលមានទីតាំងផ្តល់សេវាចាក់វ៉ាក់សាំងដូចមានបង្ហាញជូនក្នុងតារាងខាងលើនេះស្រាប់និងសូមលោកពូអ៊ុមាមីងទាំងអស់ដែលស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងត្រូវអញ្ជើញមកតាមការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់ជាចាំបាច់ដោយមិនអនុញ្ញាតឱ្យមានការចាក់ជូនសម្រាប់បុគ្គលដែលអញ្ជើញមកដោយខ្លួនឯងដែលគ្មានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាននោះឡើយ។

ជាមួយគ្នានោះដែរទោះបីជាបុគ្គលម្នាក់ៗបានទទួលវាក់សាំងហើយក្តីក៏ត្រូវតែបន្តចូលរួមអនុវត្តន៍វិធានសុខាភិបាលត្រួតពិនិត្យនិងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចនិងសង្គមដោយបន្តអនុវត្តនូវវិធានការការពារ(ពាក់ម៉ាស់លាងដៃញឹកញាប់និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង)និង៣កុំ(កុំទៅកន្លែងមានមនុស្សកុះករច្រើនកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នា)ដែលបានដាក់ចេញឱ្យអនុវត្តន៍ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ជៀសវាងបាននូវការឈឺនិងស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពឬមានជំងឺឬសង្ស័យថាមាការឆ្លងជំងឺសូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ១១៥៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner