ក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀតនៅខេត្តសៀមរាប

អត្ថបទដោយ៖
ធី ដា

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា បានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀត បន្ទាប់ពីបានស្រាវជ្រាវ និងតេស្ដអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ដែលរកឃើញកាលពីពេលថ្មីៗនេះ ។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកជំងឺ២នាក់នោះ គឺជាប្រពន្ធនិងកូន របស់បុរសដែលរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២១ មីនា។

តាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ក្រុមគ្រូពេទ្យបានធ្វើតេស្ដលើអ្នកពាក់ព័ន្ធចំនួន ២៤នាក់ ដែលរស់នៅក្នុងបន្ទប់ជួល ផ្ទះរបស់បុរសខាងលើ តែលទ្ធផលវិជ្ជមានតែ២នាក់ប៉ុណ្ណោះ គឺប្រពន្ធនិងកូន។ យ៉ាងណា លោកវេជ្ជបណ្ឌិតប្រាប់ថា នឹងបន្តតេស្ដលើកទី២ទៀតសម្រាប់អ្នកពាក់ព័ន្ធ។ ជាមួយគ្នានេះ នៅថ្ងៃស្អែក ក្រុមគ្រូពេទ្យដែលនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តស្រាវជ្រាវដល់ទីតាំងមួយចំនួន ដែលស្រ្ដីជាប្រពន្ធបុរសខាងលើដែលទើបរកឃើញជំងឺនេះ។ លោក ក្រុស សារ៉ាត់ មិនបានបញ្ជាក់ពីទីតាំងទាំងនោះទេ តែលោកអះអាងថា ស្រ្ដីរូបនោះបានដើរជាច្រើនកន្លែងក្នុងក្រុងសៀមរាប មុនរកឃើញថាមានជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះមានស្រ្ដីនៅស្រុកពួក ដែលរកឃើញនៅថ្ងៃទី៩ មីនា បុរសរស់នៅភូមិគោកត្នោត សង្កាត់គោកចក មានប្រវត្តិមកពីខេត្តកណ្ដាល ដែលរកឃើញនៅថ្ងៃទី២០ មីនា បុរសម្នាក់នៅភូមិគោកពោធិ៍ សង្កាត់ស្លក្រាម មានប្រវត្តិមកពីខេត្តកំពង់ស្ពឺ រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២១ ខែមីនា និងស្រ្ដីជាប្រពន្ធនិងកូនរបស់ ដែលរកឃើញនៅថ្ងៃនេះបន្ថែមទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner