រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវអ្នកពាក់ព័ន្ធនឹងទីតាំងចំនួន១០កន្លែង ដែលអ្នកកើតកូវីដ១៩ធ្លាប់ចូល ទៅធ្វើតេស្តឲ្យបានត្រឹមត្រូវ
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សូមជូនដំណឹង ដល់អ្នកពាក់ព័ន្ធនឹងទីតាំងចំនួន១០ ដែលអ្នកឆ្លងកូវីដ១៩ធ្លាប់ចូល ត្រូវទៅធ្វើតេស្តឲ្យបានត្រឹមត្រូវ។ ការសេចក្តីជូនដំណឹងនេះ បញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តព្រះសីហនុ បានតាមដានសម្ភាសន៍ជាមួយបុគ្គលដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានបញ្ជាក់ថា៖ គាត់ធ្លាប់បានចេញ ចូល និងមានការជាប់ពាក់ព័ន្ធដល់ទីតាំង ចំនួន១០ រួមមាន៖
១៖ សណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ គឺមានអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលជាអ្នកគ្រប់គ្រងកាស៊ីណូហួយហ័រ បានទំនាក់ទំនងការងារជាប្រចាំ ជាមួយកាស៊ីណូខាងលើ ហើយគាត់មានអាការៈមិនស្រួលខ្លួនតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ ហើយគាត់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
២៖ អគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន ( មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ -១៩ ខាងលើ)។
៣៖ ផ្ទះសំណាក់ជីងហ្វ ជាអគារស្នាក់នៅរួមរបស់បុគ្គលិកសណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន(II) មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ -១៩ ខាងលើ)។
៤៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ (នុត សុភាព) មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ (អ្នកគ្រប់គ្រងកាស៊ីណូហួយហ័រ) ដែលបានទៅពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១០ ដល់១៧ ខែមីនា ឆ្នាំ២០២១មក គាត់ក៏បានព្យួរសេរ៉ូមពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៦៖០០នាទីល្ងាច នៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺនោះ។ នៅពេលព្រឹកគាត់ហូបអាហារនៅអាហារដ្ឋានសុជាតា និងនៅពេលល្ងាចបានទៅហូបបបរនៅជាប់កន្លែងលក់នំប័ងសាច់អ៊ីតាយ (ចំនួន២ដង)។
៥៖ អាហារដ្ឋានសុជាតា មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ(ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ)។
៦៖ អាហារដ្ឋានលក់បាយ (លន់ ពលៈ) មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺវីដ -១៩ ខាងលើ)។
៧៖ គ្លីនិកស៊ីកាង អ៊ីយាន មានទីតាំងនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០ នាទីរសៀល មានអ្នកជំងឺកូវីដ-១៩ ម្នាក់បានជិះម៉ូតូកង់បី (តុកតុក) ចេញពីកាស៊ីណូហុយហ័រ ទៅពិនិត្យជំងឺចាក់ថ្នាំ និងព្យួរសេរ៉ូម នៅក្នុងគ្លីនិកខាងលើ និងបានសម្រាកព្យាបាលនៅទីនោះ ១យប់ រហូតដល់ព្រឹកថ្ងៃទី១៩ ខែមីនា ទើបគ្រូពេទ្យណែនាំឱ្យគាត់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
៨៖ ផ្សារទំនើបរីករាយ មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៥៖០០នាទីរសៀល មានជនជាតិចិន ចំនួន ៥នាក់បានជិះរថយន្តដែលមានអ្នកបើកបរ(ជនជាតិខ្មែរ) ជាអ្នកផ្ទុកវីរុសកូវីដ-១៩ បាននាំគ្នាមកទិញទំនិញនៅផ្សារទំនើបរីករាយ ហើយត្រឡប់ទៅកាស៊ីណូហួយហ័រវិញ បច្ចុប្បន្នពួកគាត់មានវិជ្ជមានវីរុសវីដ-១៩។
៩៖ -ផ្សារទំនើបធៀហុង មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៧៖០០នាទីល្ងាច មានអ្នកគ្រប់គ្រងបុគ្គលិកកាស៊ីណូហួយហ័រ (ភេទស្រី) រួមជាមួយអ្នកបើកបរជនជាតិខ្មែរ (ផ្ទុកវីរុសកូវីដ-១៩) និងបុគ្គលិកស្រី ១នាក់ទៀតជនជាតិខ្មែរ(ផ្ទុកវីរុសកូវីដ-១៩)បានទៅទិញទំនិញនៅផ្សារទំនើប ជឿ ហុង ហើយក៏បានត្រឡប់មកកាស៊ីណូ វិញ។
១០៖ មន្ទីរសម្រាកព្យាបាល រស្មីបាយ័ន មានទីតាំងនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុមានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៧៖២៥នាទីព្រឹកមានបុគ្គលិកកាស៊ីណូហូយហ័រ ពីរនាក់ប្តីប្រពន្ធ មានអាការៈក្តៅខ្លួន ឈឺក បានមកពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលខាងលើ គ្រូពេទ្យពិនិត្យឃើញគាត់រលាកបំពង់ក ហើយពួកគាត់ក៏បានវិលត្រឡប់មកសម្រាកនៅកាស៊ីណូវិញ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លទ្ធនៃការពិនិត្យសំណាកតេស្តបញ្ជាក់ថាគាត់មាន វិជ្ជមានវីរុសកូវីដ-១៩។
បើតាមសេចក្តីជូនដំណឹងដដែល, បច្ចុប្បន្នទីតាំងទាំង១០ ខាងលើ ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ ក៏បានមកយកសំណាកពីអ្នកពាក់ព័ន្ធក្នុងទីតាំងទាំងនេះទៅពិនិត្យដើម្បីស្វែងរកវីរុសកូវីដ-១៩ផងដែរ។
រដ្ឋបាលខេត្ត ក៏បានដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងលើ តាមពេលវេលាដែលបានបញ្ជាក់ជូននេះ សូមពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា៧មករា ឬករណីសុខភាពប្រែប្រួលខុសប្រក្រតីដូចជាឡើងកម្ដៅលើស ពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 888 737 ឬ 016 526 520 ៕


