KOICA ផ្តល់ថវិកា ៧លានដុល្លារ ដល់ក្រសួងអប់រំ លើកកម្ពស់សមត្ថភាព អប់រំបច្ចេកវិទ្យាព័ត៌មាន

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ហិរញ្ញប្បទានចំនួន ៧លានដុល្លារសហរដ្ឋអាមេរិក ជួយលើកកម្ពស់សមត្ថភាពការអប់រំបច្ចេកវិទ្យាពត៌មានវិទ្យានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិនៅប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលថវិកាជំនួយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រវាង ប្រធានកយកាប្រចាំប្រទេសកម្ពុជា លោក Rho Hyunjun និង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានបញ្ជាក់ថា គម្រោងនេះផ្តោតសំខាន់លើការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស និងគ្រូបង្រៀន ក្នុងការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិនៅខេត្តកំពង់ចាម ព្រៃវែង តាកែវ និងកណ្តាល។

តាមរយៈគម្រោងនេះ KOICA នឹងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតដល់គ្រូឧទ្ទេស ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា សៀវភៅសិក្សាកុំព្យូទ័រ បំពាក់កុំព្យូទ័រ និង កែលម្អបន្ទប់សម្រាប់បង្រៀនកុំព្យូទ័រនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិទាំង៤ខេត្ត។

លោក Rho Hyunjun បានគូសបញ្ជាក់ថា «KOICA សង្ឈឹមថា គម្រោងនេះនឹង ធ្វើអោយប្រសើរឡើងលើការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យានៅប្រទេសកម្ពុជា ក៏ដូចជាចូលរួមចំណែកគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។
សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលបានផ្តល់នូវកម្មវិធីជំនួយឥតសំណងរបស់ប្រទេសកូរ៉េ។

KOICA មានគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្តាប្រទេសទាំងនោះ។( អត្ថបទ ហាក់ សារ័ត្ន)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner