សម្តេចតេជោ ផ្ញើសារថ្លែងអំណរគុណជនរួមជាតិនានា ដែលអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិនានា ដែលអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ អរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូន ក្នុងពេលដែលប្រទេសជាតិយើង កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ។

ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ទន្ទឹមនឹងនេះ ពលរដ្ឋត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ជែល ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។ក្រៅពីខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។

«៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

ចំណែក «៣ការពារ» គឺទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner