ទីបំផុតវៀតណាមអនុម័តអោយចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានអនុម័តអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតឡើងដោយប្រទេសរុស្ស៊ី មានឈ្មោះថា ស្ពូតនីគ-វី (Sputnik V) សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ខណៈវ៉ាក់សាំង ChAdOx1 របស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា ត្រូវបានអនុម័តថ្មីៗនេះរួចហើយ ។
មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតវ៉ាក់សាំង និងជីវសាស្ត្រ (Polyvac) បានស្នើកាលពីខែមុន អោយក្រសួងអនុម័តវ៉ាក់សាំង ស្ពូតនីគ-វី និងវ៉ាក់សាំង ម៉ូឌែណា របស់អាមេរិកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ។ វ៉ាក់សាំង ស្ពូតនីគ-វី ដែលផលិតដោយក្រុមហ៊ុន ជេនណឺរៀម ជេអេសស៊ី (Generium JSC) ត្រូវចាក់ចំនួនពីរដងក្នុងរយៈពេលបីសប្តាហ៍ដាច់ដោយឡែក ត្រូវរក្សាទុកនៅសីតុណ្ហភាពដក១៨អង្សាសេ និង មានអាយុកាលស្តុកទុក៦ខែ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបាននិយាយថា ខ្លួនកំពុងបង្កើនការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនៅសហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីធានាថា ខ្លួនអាចទទួលបានវ៉ាក់សាំងសរុប១៥០លានដូស ដើម្បីគ្របដណ្តប់លើប្រជាជនរបស់ខ្លួនចំនួន៧០ភាគរយនៅឆ្នាំ២០២១នេះ ៕ ប្រភព៖ VNExpress