ស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណបុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ក្រោយការញុះញង់មិនឲ្យកម្មករចាក់វ៉ាក់សាំងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសនោះមានឈ្មោះ តោ ចន្នី មានមុខរបរជាអ្នកបើករថយន្តដឹកទំនិញ។ ជននោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២១នេះទាក់ទងទៅនឹងការផ្សាយព័ត៌មានមិនពិតលើការចាក់វ៉ាក់សាំងកូវីដ១៩ ។

បន្ទាប់ពីឃើញវីដេអូផុសមានលក្ខណ:ញុះញ៉ង់ និងផ្សាយខុសពីការពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩ នៅលេីបណ្តាញសង្គម Tik Tok ភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ និងតាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នេះឲ្យបានដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ។

ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤មីនា ឆ្នាំ២០២១ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសនោះ រួចបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចកំពុងសាកសួរបន្ថែម និងក៏សាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ បើយោងតាមទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ពាក់ពន្ធ័នឹងករណីនោះថា ការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

លោកបានបន្តថា ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពើល្មើសច្បាប់ដែលកំណត់បានជាបទល្មើស “រារាំងដល់ការអនុវត្តវិធានការ” តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ១០លានរៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនោះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ ជាមួយគ្នានោះ លោក គឹម សន្តិភាព បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនោះ បើពុំនោះទេ បុគ្គលប្រព្រឹត្តនឹងទទួលបានការអនុវត្តច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចជាក់ជាពុំខាន។គឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner