ចិនដាក់ឲ្យដំណើរការរថយន្តអគ្គិសនីម៉ាកថ្មីដ៏ទំនើបបំផុត ដើម្បីប្រជែងជាមួយ Tesla
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថាទីបំផុតក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសចិនGeely បានដាក់ឲ្យដំណើរការជាផ្លូវការនូវម៉ាករថយន្តអគ្គិសនីប្រណិតមួយ ដោយមានសង្ឃឹមយ៉ាងមុតម៉ាំថានឹងអាចប្រជែងទីផ្សាររថយន្តអគ្គិសនីក្នុងស្រុកជាមួយនឹងក្រុមហ៊ុនអាមេរិក Tesla បានយ៉ាងប្រាកដ។
ក្រុមហ៊ុនចិនយក្សមួយនេះ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្តល្បីៗផ្សេងទៀតដូចជា Volvo និង Lotus ជាដើមហើយម៉ាករថយន្តអគ្គិសនីដែលខ្លួនបានផលិត និងប្រកាសនៅពេលនេះមានឈ្មោះថា Zeekr គ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សាររថយន្តអគ្គិសនីនៃប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។
ការប្រកាសដំណើរការជាផ្លូវការនេះត្រូវបានធ្វើឡើងក្នុងពេលដែលស្ថាបនិករបស់ក្រុមហ៊ុន Tesla គឺលោក Elon Musk កំពុងតែបានប្រជាប្រិយភាពរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនតាមរយៈការលើកសរសើរយ៉ាងខ្លាំងថា Tesla បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារលុបបំបាត់នូវការសាយភាយឧស្ម័នកាបូនដែលស្ថិតក្នុងគោលបំណងរបស់រដ្ឋាភិបាលចិនដែរ។
ទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ Tesla បានប្រឈមមុខទៅនឹងការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលចិនដែលបានសម្ដែងក្តីបារម្ភថាកាមេរ៉ាដែលបំពាក់នៅលើរថយន្ត Tesla ទាំងអស់គឺជាបច្ចេកវិទ្យាតាមដាន និងចារកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខណៈដែលលោក Musk ក៏បានចេញមកប្រតិកម្មឆ្លើយតបផងដែរ។
Geely បានបញ្ជាក់ដែរថា ខ្លួននឹងចាប់ផ្តើមកិច្ចការងារអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាចុងក្រោយបំផុតក្រោមយីហោថ្មី Zeekr នេះ ហើយតាមផែនការខ្លួននឹងចាប់ផ្តើមធ្វើការចែកចាយរថយន្តដំបូងចាប់ពីត្រីមាសទី3 ក្នុងឆ្នាំ2021នេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញវត្តមានរថយន្តអគ្គិសនីបែបប្រណិតរបស់ខ្លួនរួចម្ដងហើយនៅក្រោមត្រកូល Volvo ដែលមានឈ្មោះថា Polestar
មានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសស៊ុយអែត ហើយសង្វាក់ផលិតកម្មស្ថិតនៅក្នុងប្រទេសចិន។ ដោយឡែក រថយន្តមួយប្រភេទទៀត ដែលស្ថិតនៅក្រោមត្រកូល Lotus បច្ចុប្បន្នក៏កំពុងធ្វើការងារលើការផលិតរថយន្តអគ្គិសនីបែប supercar ដែលមានយីហោម៉ាក Evija ផងដែរ។បើនិយាយពី Zeekr វិញគឺជាយីហោ ឬហៅថាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដ៏អស្ចារ្យមួយ ដែលត្រូវបានផលិតឡើងក្នុងគោលបំណងធំដើម្បីប្រកួតប្រជែងទីផ្សារជាមួយនឹងកំពូលរថយន្ត Tesla រួមជាមួយនឹងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកផ្សេងទៀត ដូចជា Nio, Xpeng និង Li Auto ជាដើមផង៕