ក្រៅពីជំនាញលើកីឡា២ប្រភេទ លោក ហាក់ ដារ៉ា ហៅ Mr Klang ក៏ជាវិចិត្រករជំនាញមួយរូបដែរ
លោក ហាក់ ដារ៉ា ដែលមានរហ័សនាម MrKlang ក្រៅជំនាញលើកីឡា២ប្រភេទ ក៏ជាវិចិត្រករគូរលើជញ្ជាំងមានទេពកោសល្យម្នាក់ ដែលហៅថា Air Brush ផងដែរ ។

វិចិត្រករដែលមានរហ័សនាម MrKlang បានប្រឡូកក្នុងអាជីពកីឡាជំនាញចំនួន២ គឺកីឡាបាល់ទាត់ ដោយលេងក្នុងតួនាទីជាអ្នកចាំទីឲ្យក្លិប ត្រាយ អាស៊ី ក្នុងឆ្នាំ២០០១ ពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងកីឡាប្រណាំងម៉ូតូលើវាលរាប ក្រៅពីអាជីពវិចិត្រករ ដែលជាអាជីពទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។

ដោយសារមានបញ្ហារបួសដៃបានធ្វើ ហាក់ ដារ៉ា បោះបង់អាជីពបាល់ទាត់ដែលលេងរយៈពេលជាង១០ឆ្នាំ បែរមកចាប់អាជីបមួយទៀត គឺអ្នកប្រណាំងម៉ូតូលើវាលរាប ដោយផ្តើមដំបូងជាអ្នកជិះលក្ខណៈផ្សងព្រេង ក្រោយមកក៏ចាប់ផ្តើមបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រណាំងធំៗ ក្នុងស្រុកម្តងម្កាល និងចូលរួមព្រឹត្តិការណ៍ប្រណាំងជាលក្ខណៈអន្តរជាតិ ដែលរៀបចំដោយប្រទេសជិតខាងផងដែរ ។

ក្រោយពីប្រឡូកយ៉ាងជោគជាំ លើប្រភេទកីឡាជំនាញចំនួន២ខាងលើ អស់រយៈពេលជាង១០ឆ្នាំ លោក ហាក់ ដារ៉ា បានងាកមករកអាជីពដើមរបស់ខ្លួនវិញ គឺជាវិចិត្រករគូគំនូរលើជញ្ជាំង ដែលជាទេពកោសល្យពីកំនើត ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ស្ថិតនៅផ្ទះលេខ៩៤ អឺ សេរ៉ូ ផ្លូវលេខ៦៣ វិថី ត្រសក់ផ្អែម សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា លោក ហាក់ ដារ៉ា ហៅ Mr Klang បានចូលប្រឡូក ក្នុងអាជីពបាល់ទាត់ ពីឆ្នាំ២០០១ដល់ឆ្នាំ២០១៦ រីឯអាជីពជាអ្នកប្រណាំងម៉ូតូ ក្នុងឆ្នាំ២០១៦ ជាមួយអាជីពជាវិចិត្រករគូរគំនូរ Air brush មកដល់បច្ចុប្បន្ននេះ ៕