ក្រុមអ្នកបច្ចេកទេស សុនខ នៃអង្គភាពស៊ីម៉ាក់ កំពុងហ្វឹកហ្វឺនសត្វ សុនខ ដើម្បីហិតក្លិន រកអ្នកផ្ទុកកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

ក្រុមអ្នកបច្ចេកទេស សុនខ នៃអង្គភាពស៊ីម៉ាក់ សហការជាមួយក្រសួងសុខាភិបាល បាននឹងកំពុងពិភាក្សាគ្នាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិត រកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។ ការសិក្សានេះធ្វើឡើងបន្ទាប់ពីមានការណែនាំ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះមកពិនិត្យការងារសុនខ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់   ឆ្នាំង។​ ការចុះពិនិត្យការងារសុនខរបស់ ឯកឧត្តម ដើម្បីរៀបចំត្រៀមលក្ខណៈ ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ ថា «ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ យើងមានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូវីដ១៩បាន»។

អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់ បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការ ជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា៖ អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិត រកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ។

ពីមុនមកប្រទេសកម្ពុជា ធ្លាប់តែទិញសត្វសុនខពីប្រទេសគេ ក្នុងមួយក្បាលតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្ដែដល់ពេលឥលូវនេះ កម្ពុជាអាចបង្កាត់សត្វសុនខ ឲ្យខ្លួនឯងបាន និងអាចនាំចេញទៅក្រៅបានថែមទៀត។

បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់ មានសុនខ ដែលមានសមត្ថភាពក្នុងការគាំទ្រដល់សកម្មភាពប្រឆាំងភេរវកម្ម ការងារបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារបរិស្ថានផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner