លោក ចូ បៃដិន អះអាងថា ក្រោមការដឹកនាំរបស់លោក ចិននឹងមិនអាចផ្តួលអាមេរិកក្លាយជាអ្នកដឹកនាំពិភពលោកបានឡើយ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់ថា លោកនឹងទប់ស្កាត់ចិនពីការទាញទម្លាក់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ដោយលោកសន្យាថា នឹងវិនិយោគយ៉ាងខ្លាំងដើម្បីធានាថា អាមេរិកនឹងឈ្នះនៅក្នុងការប្រកួតប្រជែងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ។
លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ចិនមានគោលដៅមួយ… គឺក្លាយជាប្រទេសឈានមុខគេនៅលើពិភពលោក… ជាប្រទេសមានបំផុតនៅលើពិភពលោក និងជាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ហើយថា រឿងនោះនឹងមិនកើតឡើងទេ នៅក្រោមការដឹកនាំរបស់ខ្ញុំ ព្រោះ អាមេរិកនឹងបន្តរីកចម្រើនទៅមុខទៀត ។ លោក បៃដិន និយាយថា លោកបានចំណាយពេលជាច្រើនម៉ោងជាមួយលោក ស៊ី ជិនភីង នៅពេលដែលលោកបម្រើការជាអនុប្រធានាធិបតី នៅក្រោមអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ហើយលោកជឿជាក់ថា ប្រធានាធិបតីចិនជឿលើស្វ័យភាព (ផ្តាច់ការ) មិនមែនលទ្ធិប្រជាធិបតេយ្យទេ ជាគន្លឹះឆ្ពោះទៅអនាគត ។
ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះបន្ថែមថា លោកបានបញ្ជាក់យ៉ាងច្បាស់ចំពោះលោក ស៊ី ថា សហរដ្ឋអាមេរិកមិនបានស្វែងរកការប្រឈមមុខដាក់គ្នាទេ ប៉ុន្តែនឹងអំពាវនាវឱ្យចិនគោរពតាមច្បាប់អន្តរជាតិសម្រាប់ការប្រកួតប្រជែងដោយយុត្តិធម៌ ការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស ៕ ប្រភព៖ CNA