លោក ចូ បៃដិន ព្រមានប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាងទើបបាញ់សាកល្បងមីស៊ីលបាលិស្ទីគចូលក្នុងដែនសមុទ្រជប៉ុន
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានដល់កូរ៉េខាងជើងថា ប្រទេសរបស់លោកនឹងធ្វើការឆ្លើយតប ប្រសិនបើរដ្ឋកុម្មុយនីស្តមួយនេះបង្កើនការធ្វើតេស្តសព្វាវុធរបស់ខ្លួន បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំនួនពីរគ្រាប់ចូលក្នុងដែនសមុទ្រជប៉ុន ។
លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកបាននឹងកំពុងប្រឹក្សាយោបល់ជាមួយប្រទេសសម្ព័ន្ធមិត្ត និងដៃគួ ប៉ុន្តែបានព្រមានកូរ៉េខាងជើងថា នឹងមានការឆ្លើយតប ប្រសិនបើពួកគេជ្រើសរើសយកការបង្កើនភាពតានតឹង ។ ប្រធានាធិបតីអាមេរិករូបនេះបានអះអាងទៀតថា រូបលោកក៏បានត្រៀមខ្លួនរួច រាល់ហើយដែរ សម្រាប់ទម្រង់ការទូតមួយចំនួន ប៉ុន្តែវាត្រូវតែមានលក្ខខណ្ឌទៅលើលទ្ធផលចុងក្រោយ នៃការរំសាយអាវុធនុយក្លេអ៊ែរ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងតែងស្វាគមន៍រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ជាមួយការបង្កហេតុ ហើយការសាកល្បងអាវុធជាក់ស្តែងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានធ្វើឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្តឡើងវិញ ខណៈរដ្ឋបាលលោក ចូ បៃដិន កំពុងធ្វើការត្រួតពិនិត្យគោលនយោបាយ ៕ ប្រភព៖ AFP