ក្រុមហ៊ុនធំៗចំនួនពីរដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ត្រូវបានដាក់ចូលបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស
អាមេរិក៖ ក្រុមហ៊ុនសម្ព័ន្ធដ៏ធំចំនួនពីរ ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ត្រូវបានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដាក់ចូលក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ ក៏ដូចជាការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខ ។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថា ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនសម្ព័ន្ធមីយ៉ាន់ម៉ាចំនួនពីរ គឺក្រុមហ៊ុន Holdings Public Company Ltd (MEHL) និងក្រុមហ៊ុន Myanmar Economic Corporation Ltd (MEC) ដែលជាប្រភពរកប្រាក់ចំណូលដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា ។ ដោយឡែកអង់គ្លេសវិញ ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន (MEHL) ដោយអះអាងថា ជាការឆ្លើយតបការរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់យោធាមីយ៉ាន់ម៉ា ។
តាមរយៈទណ្ឌកម្មនេះដែរ សហរដ្ឋអាមេរិកក៏បានហាមឃាត់ក្រុមហ៊ុន ឬពលរដ្ឋអាមេរិកទាំងអស់មិនឱ្យរកស៊ី ឬក៏ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងពីរនេះនោះទេ ។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនទាំងពីរខាងលើ ដែលគ្របដណ្តប់លើវិស័យធំៗនៃសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ានៅពុំទាន់ធ្វើការអត្ថាប្បាយភ្លាមៗនោះទេ ខណៈដែលសារព័ត៌មានរ៉យទ័របានចុះផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ ពាក់ព័ន្ធនឹងការរំពឹងទុកនៃការដាក់ទណ្ឌកម្មបន្ថែមទៀត ៕ ប្រភព៖ CNA