សិង្ហបុរីត្រៀមលុយ 3 ពាន់លានដុល្លារទៀតទុកប្រើប្រាស់ខែជូនបុគ្គលិកក្នុងប្រទេសពីខែមីនា
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថាកញ្ចប់ប្រាក់ប្រមាណជាជាង 3 ពាន់លានដុល្លារនឹងត្រូវប្រគល់ជូនបុគ្គលិកទាំងឡាយដែលមានឈ្មោះនៅក្នុងបញ្ជីនៃកម្មវិធីផ្តល់ជំនួយរបស់រដ្ឋឬ Jobs Support Scheme (JSS) ដែលនឹងគិតចាប់ធ្វើពីថ្ងៃទី 30 ខែមិនានេះតទៅ។
កញ្ចប់ប្រាក់ទាំងនោះនឹងត្រូវប្រគល់ទៅឲ្យក្រុមហ៊ុនអាជីវកម្មតូចធំប្រមាណជា 150,000 កន្លែងដើម្បីយកទៅប្រើប្រាស់ក្នុងការចែកចាយប្រាកខែជូនបុគ្គលិករបស់ខ្លួនសរុបប្រហែលជាជាង 2 លាននាក់នេះបើយោងតាមការអះអាងបន្ថែមដោយអជ្ញាធរជាតិទទួលបន្ទុកប្រាក់ចំណូលក្នុងស្រុកIRAS និងក្រសួងហរិញ្ញវត្ថុ MOF។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថាតាមរយៈកញ្ចប់ប្រាក់ជំនួយការងារលើកនេះមានន័យថាកម្មវិធី JSS របស់សិង្ហបុរីបានប្រគល់ប្រាក់ជំនួយសរុបប្រមាណ 24.5 ពាន់លានដុល្លារមកហើយគិតចាប់តាំងតែពីដាក់ឲ្យដំណើរការដំបូងកាលពីខែកុម្ភៈឆ្នាំ 2020 កន្លងទៅ។
ចំពោះនយោជិកនិងក្រុមហ៊ុនទាំងឡាយដែលបានចូលរួមវិភាគទានមូលនិធិមជ្ឍមណ្ឌលកណ្តាល ឬហៅកាត់ថាCPFសម្រាប់ខែកញ្ញាដល់ខែធ្នូឆ្នាំ 2020 ត្រឹមថ្ងៃផុតកំណត់ដែលបានកំណត់នោះពួកគេនឹងទទួលបានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទូទាត់ប្រាក់ជាមួយនឹងកម្ មវិធី JSS នេះ។
សម្រាប់ជំនួយពីខែមិនានេះតទៅនយោជិកនឹងអាចទទួលបានប្រាក់ខែពាក់កណ្តាលនៃសាច់ប្រាក់ខែសុទ្ធអប្បបរិមា 4,600 ដុល្លារដែលធ្លាប់បានចាយរួចរាល់នៅក្នុងខែកញ្ញានិងខែធ្នូកាលពីឆ្នាំ 2020៕
ដោយឡែកអ្នកធ្វើការងារនៅក្នុងវិស័យអាកាសចរណ៍និងទេសចរណ៍វិញគឺអាចទទួលបានប្រាក់ខែពេញ 50 ភាគរយខណៈដែលអ្នកធ្វើការងារនៅក្នុងវិស័យសេវាកម្មម្ហូបអាហារសិល្បៈនិងកំសាន្តព្រមទាំងមធ្យោបាយធ្វើដំណើរសាធារណៈតាមផ្លូវគោកនិងទឹកផងនឹងទទួលបានប្រាក់ខែចំនួន 30 ភាគរយ។
MOF និង IRAS បានបញ្ជាក់ដែរថាក្នុងពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញនោះនៅតំណាក់កាលនេះក្រុមហ៊ុនទាំងឡាយណាដែលមិនត្រូវអនុញ្ញាតិឲ្យធ្វើប្រតិបត្តិការទាំងស្រុងនោះនឹងទទួលបានប្រាក់ជំនួយពីកម្មវិធី JSS នេះតាមកាលកំណត់គឺ 50 ភាគរយរហូតដល់ពេលពួកគេត្រូវបានអនុញ្ញាតិឲ្យអាចដំណើរការឡើងវិញបាននៅពេលណាមួយដែលឆាប់បំផុត៕