កូនខ្មែរកាត់បារាំង ព្រាប សារិន អះអាងថា ខ្លួនមកក្រេបជញ្ជក់គុនខ្មែរ ព្រោះចង់ផ្សព្វផ្សាយឲ្យគុនខ្មែរល្បីលើឆាកអន្តរជាតិ
ជាប់ឈាមជ័រជាខ្មែរឪពុកជាគ្រូប្រដាល់ជនជាតិបារាំង បានអន្ទងចិត្តឲ្យអ្នកលេងក្បាច់ប្រយុទ្ធកូនខ្មែរកាត់បារាំង ព្រាប សារិន ដែលធ្លាប់អង្រួនសង្វៀនប្រដាល់អន្តរជាតិមិនក្រោម៤០ដង បានសម្រេចចិត្តមកស្នាក់នៅកម្ពុជាក្នុងរយៈពេលយូ ដើម្បីសម្ងំហ្វឹកហាត់ប្រដាល់គុនខ្មែរ ក្នុងបំណងនាំយកទៅផ្សព្វផ្សាយនៅក្រៅប្រទេសឲ្យប្រជាជាតិនៅលើពិភពលោក ស្គាល់ពីក្បាច់គុនខ្មែរ ដូចប្រាសាទអច្ឆរិយអង្គរវត្តដែលល្បីខ្ទរខ្ទានៅលើពិភពលោក។
អ្នកលេងក្បាច់ប្រយុទ្ធវ័យ២៧ឆ្នាំ ព្រាប សារិន ពន្យល់ថា មូលហេតុដែលខ្លួនមកកាន់កម្ពុជាលើកនេះមានរយៈពេលវែងជាងរាល់លើកដែលខ្លួនធ្លាប់មកមុនៗនោះ ដោយសារតែខ្លួនចង់ហ្វឹកចាប់យកមូលដ្ឋានគ្រឹះគុនខ្មែរឲ្យបានស៊ីជម្រៅ ត្បិតខ្លួនចង់យកទៅប្រើប្រាស់ជាប្រយោជន៍ ដើម្បីយកទៅបង្ហាត់បង្រៀនបរទេស ក្នុងគោលដៅជួយផ្សព្វផ្សាយលើកស្ទួយគុនខ្មែរ។
កូនកាត់ខ្មែរបារាំងរូបនេះ បានលើកឡើងបន្ថែមថា ក្នុងពេលដែលខ្លួនមកហ្វឹកហាត់នៅកម្ពុជារយៈពេលយូនេះ ខ្លួនក៏មានបំណងឡើងសង្វៀននៅក្នុងស្រុក ដើម្បីបង្ហាញសមត្ថភាព និងដកស្រង់បទពិសោធន៍មុននឹងខ្លួនវិលត្រឡប់ទៅប្រទេសបារាំងវិញ។
ព្រាប សារិន គឺជាកូនទី១ក្នុងគ្រួសារ ដែលមានម្តាយជាខ្មែរ ឪពុកជាជនជាតិបារាំង បានកើតនៅប្រទេសបារាំង បានចូលប្រឡុកហ្វឹកហាត់ក្នុងកីឡាប្រយុទ្ធតាំងពីគេមានអាយុ១០ឆ្នាំ ហើយព្រាប សារិន ធ្លាប់ទៅហ្វឹកនៅថៃ និងអាមេរិក និងធ្លាប់ឡើងសង្វៀនអន្តរជាតិជាង៤០ដង និងគ្រងខ្សែក្រវ៉ាត់មួយថៃបានមួយផងដែរ៕