អត្ថប្រយោជន៍ Google Classroom សម្រាប់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីផ្ដល់សេវាអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យានៃការបង្រៀនពីចម្ងាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបសម្រាប់ប្អូនសិស្សានុសិស្ស ក្រសួងអប់រំណែនាំពីកម្មវិធីជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឈ្មោះថា “Google Classroom”។ កម្មវិធីនេះបើកឱ្យប្រើប្រាស់ទូលំទូលាយសម្រាប់ការអប់រំដោយមិនគិតថ្លៃជាមួយនឹង Gmail, Document និង Drive។
កម្មវិធី Google Classroom បានរចនាឡើងដើម្បីជួយឱ្យគ្រូបង្រៀនបង្កើតនិងរក្សាទុកឯកសារដោយមិនចាំបាច់ប្រើក្រដាស សន្សំពេលវេលាដូចជាការប្រើប្រាស់នៅក្នុង Google Docs ដែលផ្ដល់ភាពងាយស្រួលទាំងគ្រូនិងសិស្ស។
សម្រាប់គ្រូបង្រៀន Google Classroom អាចបង្កើតថ្នាក់រៀនអនឡាញ ដាក់និងបញ្ជូនចូលមេរៀន កិច្ចការស្រាវជ្រាវ ឬដោះស្រាយលំហាត់ដល់សិស្ស តាមដានការសិក្សារបស់សិស្ស និងដាក់ពិន្ទុសម្រាប់សិស្ស។ សម្រាប់សិស្សអាចអានមេរៀន ទទួលបានមេរៀនពីគ្រូ និងដោះស្រាយលំហាត់ ផ្ញើឯកសារមេរៀនដែលដោះស្រាយរួចឱ្យគ្រូបង្រៀនវិញ។
ក្រសួងអប់រំបានបញ្ជាក់ថា កម្មវិធីជំនួយការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញនេះ ភាគច្រើនមានការគាំទ្រពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ហើយអាចទាញយកឯកសារ pdf ដែលប្រាប់ពីរបៀបប្រើប្រាស់តាមរយៈតំណភ្ជាប់នេះ https://bit.ly/3aqUkZ7 ។
សូមបញ្ជាក់ថា ខណៈសាលារៀនទូទាំងប្រទេសផ្អាកបណ្ដោះអាសន្នចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសពង្រឹងគុណភាពសេវាទូរគមនាគមន៍ ដោយសារមានតម្រូវការប្រើប្រាស់សេវាអ៊ីនធើណេតច្រើនដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ៕