រដ្ឋាភិបាលកម្ពុជាទទួលបានទុនវិនិយោគថ្មីពីវិស័យឯកជនសរុបជិត 1,300លានដុល្លារបន្ថែមទៀត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចគាំទ្រអនុម័តគម្រោងវិនិយោគចំនួន5 ដែលបោះទុនវិនិយោគសរុបចំនួន 1,299.7លានដុល្លារ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅថ្ងៃទី26 ខែមីនា ឆ្នាំ2021នេះ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
1. ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 6.3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 260កន្លែង។
2- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន 1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 420កន្លែង។
3- “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ 3.6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 120កន្លែង។
4- “ Y.T PLASTIC CO., LTD” គម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ 5.8លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 930កន្លែង។
៥- “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ 1,283លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 520កន្លែង៕