មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានប្រាប់នាយទាហាន និងពលទាហាន ដែលស្ថិតតាមបណ្តោយខ្សែបន្ទាត់ព្រំដែនទាំងអស់ ត្រូវបង្កើនការយាមល្បាត ដើម្បីរក្សាសន្តិសុខព្រំដែន ឲ្យបានកាន់តែប្រសើរថែមទៀត
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង ដល់មន្ត្រីយោធាការពារព្រំដែនកម្ពុជា-ថៃ នោះ បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សម្រាប់ខែឧសភាឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ខែមិថុនាឆ្នាំ២០២០។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី៦ឧសភាឆ្នាំ២០២០នេះ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ នៃទិសទី១ ប្រាសាទព្រះវិហារ ដោយមានការចូលរួមពី នាយទាហាន និងនាយរង នៃកងអនុសេនាធំ និងវរៈសេនាតូចចំនួន៤ ចំណុះកងពលតូចលេខ៧ ផងដែរ។
កិច្ចប្រជុំនេះទៀត សំដៅលើការចង់បាន ការផ្លាស់ប្ដូរបទពិសោធន៍ការងារ រវាងនាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីរិះរកចំណុចខ្លាំង និងចំណុចខ្សោយ យកមកកែលំអរ ហើយដាក់ចេញជាផែនការ សម្រាប់យកទៅអនុវត្តបន្តអោយបានល្អប្រសើរ នៅក្នុងអង្គភាពនីមួយៗ អោយទទួលបានការរីកចម្រើន។ មេបញ្ជាការកងតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានមានប្រសាសន៍ ដាស់តឿន ក្រើនរំលឹក ដល់មន្ត្រីយោធាក្រោមឧិវាទទាំងអស់ថា នៅគ្រាបច្ចុប្បន្ននេះ បើទោះបីជាសភាពការណ៍ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតាយ៉ាងណាក្តី យើងក៏មិនត្រូវមានការធ្វេសប្រហែសជាដាច់ខាត ហើយត្រូវខិតខំបង្កើនការចេញដើរល្បាត ឲ្យបានញឹកញាប់ និងជាប់ជាប្រចាំ នៅតាមភូមិសាស្ត្រ ដែលអង្គភាពខ្លួនទទួលខុសត្រូវ ។
លោកថា នេះគឹជាការអនុវត្តយ៉ាងម៉ឹងម៉ាត់ ទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាដ្ឋានការកងទ័ពជើងគោក ដោយតម្រូវអោយគ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការងារការពារ នៅតាមគោលដៅខ្សែត្រៀមជួរមុខ ព្រំដែនកម្ពុជា-ថៃ ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងជាបន្តទៀត នៅក្នុងការការពារ គ្រប់គ្រងឲ្យបានរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ជានិច្ច ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រុញ អោយបង្កើនការចេញដើរល្បាតឲ្យបានញឹកញាប់ ត្រូវធ្វើឡើងជាប្រចាំ ត្រូវបន្តពង្រឹងកិច្ចទំនាក់ទំនង់ និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងភាគីជាមិត្តជាប់ព្រំដែនអោយបានល្អ ត្រូវឈរលើដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ជៀសបានពីការប្រឈមមុខ ដោយកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅធ្វើអោយព្រំដែន ប្រែក្លាយជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទៅតាមគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា ចង់បាន៕ធ.ដ
ដោយ៖ឡុង សំបូរ