ការរៀបចំធ្វើពិសាខបូជានៅសៀមរាប ប្រារព្ធឡើងតាមធម្មតា តែមានលក្ខណៈទ្រង់ទ្រាយតូចៗតាមវត្តនីមួយៗ
សៀមរាប៖ មន្ដ្រីសង្ឃនៅខេត្ដសៀមរាប មានថេរដីកាថា ការរៀបចំធ្វើបុណ្យពិសាខបូជា នៅថ្ងៃទី០៦ខែឧសភានេះ បានធ្វើឡើងតាមធម្មតា ប៉ុន្ដែមានលក្ខណៈទ្រង់ទ្រាយតូចៗនៅតាមវត្ដអារាម ដោយសារបារម្ភខ្លាចពីបញ្ហាជំងឺខូវីដ១៩ឆ្លង នៅពេលជួបជុំគ្នាប្រារព្ធពិធី។
ព្រះវិជ័យរង្សី ឡាច លាង ព្រះរាជាគណៈថ្នាក់កិតិ្ដយស និងជាព្រះគ្រូប្រាសាទរង្សីអនុគណក្រុងសៀមរាប ខេត្ដសៀមរាប បានមានថេរដីកាកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា នៅតាមវត្ដអារាមនានាក្នុងខេត្ដនេះ គឺបានធ្វើពិធីបុណ្យពិសាខបូជាជាធម្មតា ប៉ុន្ដែពិធីនេះមាលក្ខណៈទ្រង់ទ្រាយតូចៗ ដោយមិនមានការជួបជុំមនុស្សរាប់រយនាក់ដូចឆ្នាំមុនៗនោះទេ ដោយសារឆ្នាំនេះមានបញ្ហាជំងឺខូវីដ១៩។
ព្រះតេជគណ បានបន្ដថា ការប្រារព្ធពិសាខបូជានេះបានចាប់ផ្ដើមនៅរសៀលថ្ងៃទី៦ ខែឧសភានេះ ដោយមានព្រះសង្ឃសូត្រធម៌នៅតាមវត្ដអារាមធម្មតា និងមានចងពិដាពាក្យស្លោកពីអត្ដន័យនៃពិធីបុណ្យពិសាខបូជានេះផងដែរ។ជាមួយគ្នានោះ ពុទ្ធបរិសទ្ធក៍អាចអុចធូបទានប្រារព្ធនៅគេហដ្ឋានក៍បានដែរ ដើម្បីជៀសវាងការជួបជុំមនុស្សច្រើន ស្របតាមបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺខូវីដ១៩ តាមការណែនាំក្រសួងសុខាភិបាល។
បើតាមព្រះតេជគុណ ឡាច លាង ព្រះអង្គមានសង្ឃដីកាថា កាលពីឆ្នាំមុនៗការប្រារព្ធពិធីបុណ្យវិសាខបូជា ធ្វើឡើងមានទ្រង់ទ្រាយធំៗ ដោយមានមនុស្សរាប់រយនាក់ជួបជុំគ្នា និងធ្វើពិធីដង្ហែក្បូននៅក្នុងក្រុងសៀមរាប ព្រមទាំងប្រារព្ធនៅតំបន់ប្រាសាទអង្គរផងដែរ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។
ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ជាមួយគ្នានោះដែរ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិក៏បានប្រកាសទទួលស្គាល់វិសាខបូជា ជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោកផងដែរ៕ធ.ដ