កាន់តែធ្ងន់ធ្ងរ…ក្រុមហ៊ុនតូចធំរបស់ថៃនៅមីយ៉ាន់ម៉ាកំពុងប្រកាសសុំជំនួយពីរដ្ឋ

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថាក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ កំពុងតែដាក់ចេញនូវផែនការ ក្នុងការជួយគាំទ្រទៅដល់អាជីវកម្មរបស់ប្រទេសថៃទាំងតូចទាំងធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាខណៈដែលជម្លោះនយោបាយកំពុងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាពផលិតកម្ម និងដឹកជញ្ជូនរបស់ពួកគេនោះ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មថៃ លោក Boonyarit Kalayanamit ដែលជាអ្នកមានវត្តមាននៅក្នុងកិច្ចពិភាក្សាគ្នាដោះស្រាយបញ្ហាអាជីវកម្មថៃ-មីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រនោះបានសន្យាថាក្រសួងនឹងខិតខំជម្រុញឲ្យមានកញ្ចប់ជំនួយដែលអាចមានរួមទាំងការកាត់បន្ថយពន្ធនិងកញ្ចប់កម្ចីក្នុងអត្រាការប្រាក់ទៀតផងដែរ។

លោក Boonayarit បានបញ្ជាក់បែបនេះថា៖ បច្ចុប្បន្នអាជីវកម្មសហគ្រាសរបស់ថៃទាំងតូចធំ និងមធ្យមដែលមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាពិតជាកំពុងមានភាពតានតឹងមែនទែនដោយសារបញ្ហាមួយនេះ ហើយភាគច្រើនគឺប្រឈមមុខទៅនឹងកង្វះបុគ្គលិកធ្វើការដោយសារតែការប្រឈមមុខរវាងកងកម្លាំងយោធានិងក្រុមបាតុករជនជាតិមីយ៉ាន់ម៉ាដែលមានកម្លាំងកាន់តែខ្លាំងក្លាឡើង។

ក្រៅពីនោះសកម្មភាពដឹកជញ្ជូននៅក្នុងប្រទេសត្រូវបានរំខានស្ទើរតែទាំងស្រុង ហើយអ្នកពាណិជ្ជករមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាខ្វះខាតលុយដើម្បីបន្តអាជីវកម្ម។ រោងចក្ររបស់ថៃជាច្រើនមិនអាចនាំទំនិញចេញទៅកាន់បណ្តាប្រទេសនានាដោយសារតែទណ្ឌកម្មជាពិសេសផលិតផលនៅក្នុងវិស័យថាមពលតែម្តង។

អ្នកចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនោះក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនព្រោះថាច្បាប់របស់ប្រទេសថៃតម្រូវឱ្យអាជីវកម្មត្រូវបង់ពន្ធសម្រាប់ប្រាក់ចំណេញដែលបានបង្កើតនៅបរទេសហើយជាពិសេសក៏ចង់ឲ្យមន្ត្រីរដ្ឋាភិបាលក្នុងការពិចារណាផ្តល់ប្រាក់កំចីក្នុងអត្រាការប្រាក់ទាបបន្ថែមទៀតសម្រាប់ការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទោះបីជាយ៉ាងណាក្តីបើយើងក្រឡេកទៅលើដំណើរការពាណិជ្ជកម្មតាមច្រកព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា Tak នៅក្នុងស្រុក Mae Sot វិញមកដល់ពេលនេះការដឹកទំនិញនៅតែបន្តធ្វើឡើងជាធម្មតានៅឡើយដោយក្នុងនោះរថយន្តដឹកទំនិញចន្លោះពី 700 ទៅ 800 គ្រឿងជាប្រចាំថ្ងៃដែលបានធ្វើដំណើរឆ្លងកាត់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner