មនុស្ស៥នាក់របួស និងជិត១ពាន់នាក់ទៀតបង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ក្នុងហេតុការណ៍ឆេះរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូណេស៊ី ភើតាមីណា (Pertamina) នៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនកំពុងតែព្យាយាមគ្រប់គ្រងអគ្គីភ័យ ដែលកំពុងឆាបឆាបយ៉ាងសន្ធោរសន្ធៅនៅឯរោងចក្រចម្រាញ់ប្រេងមួយកន្លែង ស្ថិតនៅទីក្រុងបាឡុងហ្គាន់ ខេត្តជ្វាខាងលិច ខណៈមនុស្ស០៥នាក់រងរបួស និង ៩៥០នាក់ទៀតត្រូវជម្លៀសចេញពីតំបន់ជុំវិញនោះ ។
រោងចក្រខាងលើនេះ ស្ថិតនៅចម្ងាយ២២៥គីឡូម៉ែត្រពីរដ្ឋធានីហ្សាការតា ហើយមូលហេតុនៃការឆាបឆេះ គឺមិនទាន់មាននរណាដឹងឡើយ ប៉ុន្តែអាជ្ញាធរបានអះ អាងថា ហេតុការណ៍អគ្គីភ័យបានកើតឡើងនៅពេលមានភ្លៀងខ្យល់ និងផ្គររន្ទះ ។
បើតាមអាជ្ញាធរក្នុងតំបន់ គ្រោះអគ្គីភ័យបានចាប់ផ្តើមឡើងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ហើយក៏មានសំឡេងផ្ទុះដ៏កក្រើកមួយត្រូវបានគេដឹងលឺផងដែរ ។ សេចក្តីប្រកាសពីក្រុមហ៊ុន ភើតាមីណា បានឲ្យដឹងថា រោងចក្រដែលកំពុងឆាបឆេះនេះ អាចចម្រាញ់ប្រេងបាន១២ម៉ឺន៥ពាន់បារ៉ែលក្នុងមួយថ្ងៃ ហើយវាបានឆាបឆេះអំឡុងពេលអាកាសធាតុមិនល្អ ៕ ប្រភព៖ CNA