កូរ៉េខាងជើងចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អនុវត្តស្តង់ដាទ្វេ ពាក់ព័ន្ធនឹងបញ្ហាធ្វើតេស្តមីស៊ីល
កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះអះអាងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបង្ហាញស្តង់ដាទ្វេ ខណៈដែលគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ខ្លួន បានរិះគន់យ៉ាងខ្លាំងទៅលើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងនាពេលថ្មីៗរបស់ទីក្រុងព្យុងយ៉ាងថា ជាការរំលោភលើសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ ។
កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលចម្ងាយខ្លីប្រភេទថ្មីមួយកាលពីសប្តាហ៍មុន ដែលធ្វើអោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ស្នើអោយមានកិច្ចប្រជុំគណៈកម្មាធិការទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ក្នុងជំនួបរបស់គណៈកម្មាធិការកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនោះ សហរដ្ឋអាមេរិកបានអំពាវនាវអោយដាក់ទណ្ឌកម្មបន្ថែម និង រឹតបន្តឹងការអនុវត្តវិធានការដែលមានស្រាប់ប្រឆាំងកូរ៉េខាងជើង និងសុំអោយថ្កោលទោសការសាកល្បងនេះថា ជាការរំលោភសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ ។
ជាការឆ្លើយតប អគ្គនាយកសំរាប់អង្គការអន្តរជាតិនៅក្រសួងការបរទេសកូរ៉េខាងជើង លោក ចូ ចុលស៊ូ បាននិយាយថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀងចំឡើងដើម្បីដកហូតសិទ្ធិរបស់រដ្ឋយើងក្នុងការការពារខ្លួន ហើយលោកបានព្រមានថា វានឹងនាំអោយមានវិធានការតប ៕ ប្រភព៖ Retuers