លោក ចូ បៃដិន ថ្កោលទោសការបង្ក្រាបដ៏ហិង្សារបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាលើក្រុមបាតុករ និងចាត់ទុកថា ជាទង្វើដ៏សាហាវឃោរឃៅ
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសការបង្រ្កាបយ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា និងបានចាត់ទុកថា គឺជាទង្វើដ៏សាហាវឃោរឃៅ បន្ទាប់ពីកងកម្លាំងសន្តិសុខបានបាញ់សម្លាប់មនុស្សច្រើនជាង១០០នាក់ ក្នុងនោះរួមមានក្មេងៗ៧ផងដែរ ។
លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលថ្លែងសន្ទករថាខ្លីមួយចេញពីរដ្ឋកំណើតរបស់លោក គឺ ឌែលឡាវែ (Delaware) នៅថ្ងៃអាទិត្យម្សិលមិញថា ការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជាទង្វើដ៏សាហាវឃោរឃៅ ។ លោកបន្ថែមថា វាពិតជាគួរអោយស្អប់ខ្ពើមណាស់… ហើយផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួលនោះ មានមនុស្សជាច្រើនត្រូវបានសម្លាប់… ដោយមិនចាំបាច់ទាល់តែសោះ ។ ដោយឡែកសហភាពអឺរ៉ុបក៏បានចាត់ទុកផងដែរថា អំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយកបាន ។
សូមរំលឹកថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ មនុស្សយ៉ាងហោច១១៤នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយសារតែគ្រាប់កាំភ្លើងរបស់កងកម្លាំងសន្តិសុខ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា ហើយការសម្លាប់យ៉ាងរង្គាលនេះ បានកើតមានឡើងនៅចំថ្ងៃយោធាប្រារព្ធទិវាកងទ័ពជាតិ ៕ ប្រភព៖ CNA