រដ្ឋាភិបាលសម្រេចកាត់យកតំបន់ចំនួន៣ក្នុងស្រុកទឹកឈូជាចំណុះក្រុងបូកគោ

កំពត ៖ ជាមួយនឹងការសម្រេចបង្កើតទីក្រុងបូកគោដែលកំពុងមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសវិស័យលំនៅដ្ឋានបែបទាន់សម័យជាច្រើនគម្រោងក្រោមការបណ្តាក់ទុនវិនិយោគរាប់រយលានដុល្លារ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់យកតំបន់ចំនួន៣ចេញពីស្រុកទឹកឈូធ្វើជាចំណុះនៃទីក្រុងថ្មីនៃខេត្តកំពតដ៏ទាក់ទាញមួយនេះ។

តាមរយៈអនុក្រឹត្យកលេខ ៣៨ អនក្រ.បក ស្ដីពីការបង្កើតក្រុងនៃខេត្តកំពត ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចបង្កើតទីក្រុងបូកគោជាផ្លូវការមួយទៀតនៅក្នុងខេត្ត រួមជាមួយនឹងការប្រកាសពីការកាត់យកតំបន់ចំនួន៣ ស្ថិតនៅក្នុងស្រុកទឹកឈូមកធ្វើជាចំណុះរបស់ក្រុងថ្មីដ៏ស៊ីវិល័យមួយនេះ។

តាមរយៈអនុក្រឹត្យដដែលបានបញ្ជាក់ថា តំបន់ចំនួន៣ដែលត្រូវបានកាត់ចេញពីស្រុកទឹកឈូមកជាចំណុះទីក្រុងថ្មីបូកគោ រួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែកសម្រាប់ទីតាំងរដ្ឋបាលក្រុងបូកគោនឹងត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ដោយកំណត់ឱ្យអនុលោមចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

បច្ចុប្បន្ន តំបន់ភ្នំបូកគោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយវិស័យឯកជនបានបណ្តាក់ទុនរាប់រយលានដុល្លារក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសវិស័យលំនៅដ្ឋានបែបទាន់សម័យ រួមជាមួយនឹងមណ្ឌលកម្សាន្តកម្រិតអន្តរជាតិ ផ្សារទំនើប រួមជាមួយនឹងមណ្ឌលពាណិជ្ជកម្មទំនើបខ្នាតតំបន់ផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner