សុខ រិទ្ធ ទទួលស្គាល់ថាខ្លួនពិតជាចាញ់ រិន ដេវីត ដោយសារការហ្វឹកហាត់មានរយៈពេលខ្លីពេក
ការត្រៀមខ្លួន និងការហ្វឹកហាត់មានរយៈពេលខ្លីពេកធ្វើអោយអ្នកលេងគុនខ្មែរទម្ងន់ស្រាលជួរមុខ កីឡាករ សុខ រិទ្ធ ចាញ់កីឡាករវ័យក្មេង រិន ដេវីត ។ ពីព្រោះទទួលបានព័ត៌មានត្រូវឡើងសង្វៀនប្រកួតជំនួសសិស្សប្អូន ភួន ឡាំងកូស៊ីន ។
អ្នកលេងគុនខ្មែរមកពីខេត្តបន្ទាយមានជ័យរូបនេះ អះអាងទៀតថា ដំបូងត្រូវមកធ្វើការហ្វឹកហាត់ ត្រៀមប្រជែងដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រោយពីសហព័ន្ធ ឃីតបុកស៊ីង ប្រកាសថា អោយជាប់ជាក្រុមជម្រើសរើសជាតិ ។ តែពេលមកដល់ក៏ត្រូវលោក ជា រិទ្ធ ជ្រើសរើសអោយធ្វើការប្រកួតជំនួសកីឡាករ ភួន ឡាំងកូស៊ីន ដែលមានបញ្ហាសុខភាព មុនឡើងសង្វៀនតែ៣ថ្ងៃប៉ុណ្ណោះ ទើបធ្វើអោយការត្រៀមខ្លួនរយៈពេលខ្លី ការហ្វឹកហាត់មិនមានគ្រប់គ្រាន់ កម្លាំងក៏ធ្លាក់ចុះ រីឯបច្ចេកទេសវិញហាក់ដូចគាំងៗ ទើបបរាជ័យក្រោមថ្វីដៃពន្លកគុនខ្មែរវ័យក្មេង រិន ដេវីត តែម្តង ។
ក្រោយចាញ់ការប្រកួត សុខ រិទ្ធ ក៏បានសុំទោស ដែលធ្វើឲ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែសន្យាថា ជំនួបក្រោយនឹងធ្វើល្អ ដើម្បីដណ្តើមយកជ័យជំនះមកវិញឲ្យបាន ។
សូមបញ្ជាក់ថា សុខ រិទ្ធ គឺជាកីឡាករគុនខ្មែរទម្ងន់ស្រាលជួមុខ ធ្លាប់មានបទពិសោធន៍ប្រឡូកសង្វៀនក្នុងស្រុក និងក្រៅស្រុកមិនក្រោម៧០ដងនោះទេ ។ ការីឯប្រកួតក្នុងឆ្នាំ២០២០កន្លងទៅ សុខ រិទ្ធ ចាញ់ពិន្ទុ ខាំ ខ្លានាង នៅសង្វៀនឯកភ្នំ ខេត្តបាត់ដំបង ។ ហើយនៅឆ្នាំ២០២១នេះ សុខ រិទ្ធ ត្រូវបានសហព័ន្ធកីឡា ឃីត បុកស៊ីង ជ្រើសរើសជាកីឡាករជម្រើសជាតិហ្វឹកហាត់ត្រៀមដណ្តើមមេដាយ ពីព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ៕