ម្ចាស់មេដាយប្រាក់ ស៊ីហ្គេម នៅម៉ាឡេស៊ី អះអាងថា បញ្ហាជាមួយក្លឹប ធ្វើអោយមិនទាន់ច្បាស់ពីការវិលត្រឡប់ឡើងសង្វៀនវិញ

ម្ចាស់មេដាយប្រាក់ ស៊ីហ្គេម លើកទី៣០ ប្រទេសម៉ាឡេស៊ី វិញ្ញាសាប្រដាល់សកល កីឡាករ ណាត សៀកនិន ដែលមានរហ័យនាមថា ពេជ្រ ម្ទេសខ្លាំង បានបាត់មុខពីសង្វៀនគុន្មខែ្មរអស់រយៈពេលជាច្រើនខែ ក្រោយចាញ់កីឡាករគុនខ្មែរ អេ ណារ័ត្ន ក្នុងជំនួបជុំខ្សែក្រវ៉ាត់ នាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ នាពេលកន្លងមក ។

ជុំវិញអវត្តមានពីសង្វៀនគុនខ្មែរមួយរយៈ អ្នកលេងគុនខ្មែរល្អកណ្តាប់ដៃ ពេជ្រ ម្ទេសខ្លាំង បានប្រាប់អ្នកយកព័ត៍មានតាមសាអេឡិចត្រូនិចថា បច្ចុប្បន្ននេះគេមិនបានហ្វឹកហាត់នោះទេ ដោយកំពុងជាប់បំរើរការងារថ្មីមួយ ដែលខ្លួនទើបតែទទួលបាន ក្រោយមានបញ្ហាជាមួយក្លិប ។ ម្ចាស់មេដាយប្រាក់រូបនេះ បានប្រាប់ទៀតថា ការត្រឡប់មកសង្វៀនវិញ នៅតែមាន ប៉ុន្តែកត្តាជីវភាព ខ្វះខាតថវិកា និងគ្មាន មធ្យាបាយធ្វើដំណើរ បូករួមទាំងមានបញ្ហាជាច្រើនដែលពុំទាន់ដោះស្រាយរួចរាល់ ។ អ្នកលេងកណ្តាប់ដៃរូបនេះ បន្ថែមទៀតថា ភាគរយវិលចូលប្រដាល់វិញ នៅពុំទាន់ច្បាស់លាស់នៅឡើយនោះទេ គឺ ៥០% និង៥០% ។

សូមបញ្ជាក់ថា កីឡាករ ណាត សៀកនិន ហៅ ពេជ្រ ម្ទេសខ្លាំង អតីតជាជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា ធ្លាប់ដណ្តើមបានមេដាយប្រាក់ ជូនកម្ពុជាពីការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ ។ ក្រៅពីអាជីពប្រដាល់សកល ពេជ្រ ម្ទេសខ្លាំង ក៏ធ្លាប់ជាអ្នកប្រដាល់គុនខ្មែរផងដែរ ។
គួររំលឹកថា ពេជ្រ ម្ទេសខ្លាំង បានបាត់ពីសង្វៀនគុនខ្មែរ ក្រោយចាញ់ កីឡាករ អេ ណារ័ត្ន ក្នុងជំនួបវគ្គវិលជុំ ឆ្ពោះទៅដណ្តើមខ្សែក្រវ៉ាត់ប្រាក់ នាស្ថាននីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ ៕
