ផលិតផលសិប្បកម្មខ្មែរកំពុងវាយលុកទីផ្សារបរិក្ខារតាមសណ្ឋាគារធំៗនៅក្នុងស្រុក

សិប្បកម្មខ្មែរភាគច្រើនត្រូវបានគេមើលឃើញថាជាប្រភេទសិប្បកម្មខ្នាតតូចៗ ឬជាលក្ខណៈគ្រួសារនៅឡើយសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ នៅក្នុងចំណោមសិប្បកម្មទាំងនោះលោកអ្នកបានដឹងទេថា សិប្បកម្មខ្លះក៏កំពុងមមាញឹកក្នុងការផលិតជាសម្ភារៈតុបតែងបែបសិល្បៈខ្មែរសម្រាប់ផ្គត់ផ្គង់នៅតាមសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនទីតាំងនៅទូទាំងប្រទេសកម្ពុជា និងកំពុងមានតម្រូវការខ្ពស់។ 

អ្នកស្រី រី ថានី ជាម្ចាស់សិប្បកម្មនរាអង្គរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ហើយក៏ជាក្រុមហ៊ុនដេគ័រមួយដែលមានបម្រើសេវាកម្មតុបតែងនៅតាមបណ្តាសណ្ឋាគារធំៗដោយភាគច្រើនប្រើប្រាស់សម្ភារៈដែលធ្វើដោយដៃពីសិប្បកម្មរបស់អ្នកស្រីផ្ទាល់តែម្ដង។ ផលិតផលរបស់នរាអង្គររួមមានជាង ២០ប្រភេទផ្សេងៗពីគ្នា ដែលច្នៃធ្វើពីសូត្រ ឫស្សី ផ្ដៅ រពាក់ កំប្លោក រួមមានឧបករណ៍តែងលម្អ វត្ថុអនុស្សាវរីយ៍ កាបូប សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋាគារដូចជា ចង្កៀងគោម សាឡុង វាំងនន ស្រោមខ្នើយ កែវទឹក តុ ទូរ កៅអី ជាដើមដែលសុទ្ធសឹងតែមានរចនាបែបសិស្បៈខ្មែរ។

ចំពោះផលិតផលដែលសិប្បកម្មនេះធ្វើទីផ្សារបានខ្លាំង ក៏ដូចជាត្រូវបានគេទទួលស្គាល់ជាងគេនោះគឺចង្កៀងគោមសូត្រ ដែលជាផលិតផលមួយមានភាពលំបាកក្នុងការធ្វើតម្រូវចំណាយពេលយូរ និងត្រូវការវត្ថុធាតុដើមជាច្រើនមុខក្នុងការផលិត។ ផលិតផលនេះទៀតសោតគឺត្រូវបានរចនាម៉ូដ រូបរាងផ្សេងៗពីគ្នាទៅនាងទៀតសោតគឺត្រូវបានរចនាទៅតាមព៌តាមតម្រូវការរបស់អតិថិជន។ ចង្កៀងគោមនេះមានច្រើនប្រភេទ ច្រើនពណ៌ ជួយកាត់បន្ថយចំណាំងពន្លឺភ្លើងដែលមិនប៉ះពាល់ភ្នែក មានលក្ខណៈស្រគត់ស្រគម និងអាចជួយធ្វើឱ្យអារម្មណ៍ធូរស្រាល។ 


អ្នកស្រីបានប្រាប់​ឱ្យដឹងទៀតថា ៖«ខ្ញុំបានចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារមើលឃើញពីភាពលំបាកនៃការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅក្រៅប្រទេស ទើបខ្ញុំចង់បង្កើតការងារមួយឱ្យពួកគាត់ ហើយវាក៏ជាការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់អន្តរជាតិតាមរយៈទេសចរបរទេសដែលមកលេងស្រុកខ្មែរ  ដែលបានឃើញការបំពាក់សម្ភារៈទាំងនេះនៅតាមបណ្តាសណ្ឋាគារដែលជាទីតាំងពួកគេស្នាក់នៅ»។

អ្នកស្រី ថានី បានលើកឡើងថា អាជីវកម្មមួយនេះអ្នកស្រីបានចាប់ផ្ដើមបង្កើតឡើងតែម្នាក់ឯងនៅក្នុងអំឡុងពេលដែលកម្ពុជាមានការនាំចូលផលិតផលទំនិញពីក្រៅប្រទេសច្រើន ដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងខ្លាំង ពោលគឺគាត់បានប្រើពេលវេលាដល់ទៅ៣ឆ្នាំទើបអាចរឹងដៃរឹងជើងបាន។

អ្នកស្រីបានបង្ហើបពីដំណើរការនៃកិច្ចស្វែងរកទីផ្សារឱ្យដឹងថា ដំបូងឡើយគាត់ទៅជួបជាមួយភ្ញៀវដែលជាអ្នកគ្រប់គ្រងសណ្ឋាគារផ្សេងៗដោយឱ្យជាគំនិតថា ការនាំចូលទំនិញដូចជាចង្កៀងគោមពីក្រៅប្រទេសតែងជួបការខូចខាត 20-30ភាគរយ ហេតុអ្វីមិនជួយគាំទ្រសិបុ្បកម្មខ្មែរ ផលិតផលខ្មែរ? ពេលនោះហើយដែលគេចាប់ផ្តើមមានចំណាប់អារម្មណ៍។ 

យ៉ាងណាមិញ នៅក្នុងដំណើរការអាជីវកម្មដោយការធ្វើសិប្បកម្មក៏មានកត្តាប្រឈមច្រើនផងដែរ ដែលចាំបាច់តម្រូវឱ្យមានដំណោះស្រាយដ៏ល្អប្រសើរដើម្បីបញ្ចៀសហានីភ័យ។

ម្ចាស់សិប្បកម្មរូបនេះបានលើកឡើងនូវបញ្ហាចំនួនដែលកើតមាន ជាពិសេសបញ្ហាធនធានមនុស្ស ដោយសារកាងារបែបសិប្បកម្មនេះចាំបាច់ធ្វើឡោះងដោយការផ្ចិតផ្ចង់បំផុត និងត្រូវចំណាយពេលយូរ។ ដូច្នេះ អ្នកធ្វើត្រូវតែជាមនុស្សដែលមានទឹកចិត្តស្រឡាញ់ការងារបែបសិល្បៈ និងភាពអំណត់ខ្លាំងក្នុងការធ្វើ ខណៈដែលតម្លៃលក់នៅលើទីផ្សារហាក់បានថោកបន្តិច។ ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នអ្នកស្រី ថានី បានកៀងគរបណ្តាសិប្បករដែលនៅដាច់ដោយឡែកពីគ្នាជាច្រើនមករួបរួមបង្កើតជាសហគមន៍សិប្បកម្មថ្មីមួយដែលមានលក្ខណៈជាប្រព័ន្ធអាចជួយធ្វើទីផ្សារឱ្យគ្នាទៅវិញទៅមក។

អ្នកស្រី រី ថានី បានបង្ហាញពីគោលដៅរបស់ខ្លួនថា ៖ «ខ្ញុំចង់បង្កើតការងារអ្វីមួយឱ្យសង្គមជាតិធ្វើបាន ខ្ញុំស្រមៃថាខ្លួនខ្ញុំជាដើមឆ័ត្រមួយដែលមនុស្សដទៃអាចជ្រកបាន ចុះបើមនុស្សទាំងអស់អាចធ្វើជាដើមឆ័ត្រខ្លួនឯងបាន តើមានមនុស្សប៉ុន្មាននាក់ទៀតដែលអាចជ្រកបាន។ ខ្ញុំបានផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃបែបសិប្បកម្មនេះទៅដល់អ្នកដែលមានបំណងចង់ចេះ ហើយដោយសារតែនៅក្នុងសិប្បកម្មនរាអង្គរមានការផលិតច្រើនផលិតផល ដូច្នេះពួកគាត់អាចមានឱកាសរៀនបានជំនាញច្រើន ដែលខុសគ្នាពីជំនាញការងាររោងចក្រ សហគ្រាសដទៃដែលអាចចេះតែមួយមុខៗនោះទេ។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតបន្ទាប់ពីចំណូលចិត្តនោះ គឺការតាំងចិត្ត មានភាពអំណត់ និងចង់មានអាជីពយ៉ាងពិតប្រាកដ។ ជាទស្សនទាន អ្នកស្រីបានលើកឡើងថា ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីព និងមុខរបរផលិតសម្ភារៈខ្មែរនេះ ត្រូវតែមានភាពអំណត់ខ្លាំង ដោយសារគេត្រូវចេញក្រៅហាលថ្ងៃ ហាលខ្យល់ ចុះជួបជាមួយអតិថិជន ពិភាក្សាបន្ថែមជាមួយជាង ឬអ្នកជំនាញផ្នែកច្នៃដោយផ្ទាល់មិនមែននៅតែការិយាល័យទេ។ អ្នកស្រីបានលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជាម្ចាស់សិប្បកម្ម ឬមានជំនាញពិតប្រាកដ ដោយអាចចាប់ផ្ដើមពីឥឡូវនេះ មិនចាំបាច់ដល់ល្អឥតខ្ចោះពេកទេ ជាពិសេសស្ត្រីត្រូវមានភាពជឿជាក់លើខ្លួនឯង ព្រោះស្ត្រីមានស្នាមញញឹមដែលជាចំណុចខ្លាំងស្រាប់ដែលអាចមានសិល្បៈច្រើននៅក្នុងការងារមួយនេះ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner