បុរសម្នាក់ បើករថយន្តមួយគ្រឿង មិនគោរពបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់បុកទាក់ដែកស្ពានបាឡេ បណ្តាលឲ្យដាច់ទាំងគល់អូស៣ម៉ែត្រ

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង មិនគោរពបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់បុកទាក់ស្ពានបាឡេរបើកទាំងគល់ រួមទាំងទីស្នាក់ការយាមគោលដៅរបស់សន្តិសុខ OCIC ជាប់រថយន្តអូស២ម៉ែត្រ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានបាឡេ កែង ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2777 បើកដោយបុរសម្នាក់ ចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ដោយរថយន្តបង្កមានកម្ពស់ខ្ពស់ជាង បារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ ក៏បានបុកទាក់ពេញទំហឹង បណ្តាលឲ្យរបើកទាំងគល់បារ៉ាស រួមទាំងទីស្នាក់ការសន្តិសុខ OCIC គៀបជាប់រថយន្តអូសប្រហែល៣ម៉ែត្រ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

តាមសម្តីពីតៃកុងរថយន្ត បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ ហើយរូបគាត់មិនបានចាប់អារម្មណ៍ថា ស្ពានបាឡេមានបារ៉ាស់កំណត់កម្ពស់នោះទេ ទើបប្រឹងបន្ថែុមល្បឿនរថយន្តដើម្បីឡើងស្ពាន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាតែប់ទ្រង់របស់រថយន្តបុកបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពាន រួមទាំងទីស្នាក់ការរបស់សន្តិសុខOCIC របើកទាំងគល់គៀបជាប់រថយន្តអូសប្រហែល៣ម៉ែត្រតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយមើលឃើញខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកឲ្យចុះមកវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner