គ្រូបង្រៀនជាអ្នកសាបព្រោះចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំដ៏សំខាន់

អត្ថបទដោយ៖
AMS

គ្រូបង្រៀនជាបុគ្គលសំខាន់បំផុតដែលដើរតួនាទីជាអ្នកលុបបំបាត់បញ្ហាអនក្ខរកម្ម និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម។ គ្រូបង្រៀនជាអ្នកបង្ហាញផ្លូវ និងចែករំលែកចំណេះដឹងជាច្រើនដល់សិស្សនុសិស្ស ឬយុវជនជំនាន់ក្រោយឱ្យមានគុណភាពជីវិតកាន់ប្រសើរឡើង។ ក្រសួងអប់រំ យុវជន និងកីឡា តែងលើកឡើងជារឿយៗថា គ្រូបង្រៀនជាអ្នកសាបព្រោះចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម ហើយជារៀងរាល់ឆ្នាំក្រសួងអប់រំតែងប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនក្រោមប្រធានបទផ្សេងៗជាបន្តបន្ទាប់។

ទន្ទឹមនឹងការលើកឡើងពីគុណសម្បត្តិរបស់គ្រូបង្រៀន កន្លងទៅឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាន៍ថា “ចំណេះដឹងមានអត្ថប្រយោជន៍ លុះត្រាតែគ្រូបង្រៀនចេះប្រើប្រាស់ចំណេះដឹងនេះ ដើម្បីបង្កើនគុណភាពបង្រៀន បង្កើតបរិយាកាសអំណោយផលសម្រាប់ការសិក្សា ប្រើវិធីសាស្ត្របង្រៀនសមស្របដើម្បីកែលម្អលទ្ធផលសិក្សាសិស្សប្រសើរជាងមុន និងលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំ ដើម្បីមនុស្សជាតិទាំងមូល”។

លោក សុផា សីហា ជាគ្រូបង្រៀននៅសាលាបឋមមួយកន្លែង ស្ថិតនៅក្នុងខេត្តកោះកុង បានប្រាប់ AMS ថា សិស្សានុសិស្សដែលមានចំណេះដឹងល្អ និងសមត្ថភា​ពសមស្របក្នុងការសិក្សា លុះត្រាតែគ្រូបង្រៀនមានភាពប៉ិនប្រសប់ ព្រមទាំងឆ្លាតវៃនៅក្នុងការចែករំលែកចំណេះដឹងនៃការរៀនសូត្រ។

លោ​កបានបន្តថា ភាពប៉ិនប្រសព្វរបស់គ្រូសំដៅទៅលើគ្រូដែលមានវិជ្ជាជីៈច្បាស់លាស់ មានទឹកចិត្តស្រឡាញ់នៅក្នុងការចែករំលែក ហើយប្រើប្រាស់តួនាទីរប​ស់​​​ខ្លួ​ន​ដើម្បីអភិវឌ្ឍន៍សង្គមជាតិរួមទាំងការសិក្សា។

ចំណែកអ្នកស្រី សឹម រ៉ាលីន ជាអ្នកមានបទពិសោធន៍លើការងារអប់រំមួយរូប ក៏យល់ឃើញដែរថា ពាក្យចាស់ពោលថា “គ្រូបង្រៀនគឺជាឪពុកម្ដាយទីពីររបស់សិស្ស ប្រយោគមួយនេះវាពិតជាមានន័យជ្រាលជ្រៅដោយសំដៅទៅដល់គ្រូបង្រៀន​គឺ​ជា​​មគ្គុទេសក៍​ដ៏ចំណាន ជា​អ្នក​បំភ្លឺ​ផ្លូវដែលស្មោះត្រង់ និងមាន​គុណធម៌​ខ្ពស់​​”។ 

អ្នកស្រីបានពន្យល់បន្តថា គ្រូបង្រៀនក៏ជា​អ្នកដឹកនាំ ដែល​ត្រូវ​ដើរតួនាទី​ជា​អ្នក​អប់រំ ផ្ដល់ការពិភាក្សា និងជាអ្នកទី​ប្រឹក្សាដ៏ល្អ ព្រមទាំងបំផុសគំនិត​ឱ្យ​សិស្ស​បានឃើញ​ពី​ឧត្ដមគតិ​ជឿនលឿន និង​បង្ហាញ​​ពី​មាគ៌ា​នៃការអប់រំ បំពេញសមត្ថភាព និងចំណេះដឹងស្ដែងដោយភាពពេញលេញ​។

សូមបញ្ជាក់ថា ក្នុងគោលបំណងបង្ហាញពីគុណតម្លៃរបស់គ្រូឱ្យកាន់តែសំខាន់ក្នុងតួនាទីជាអ្នកអប់រំឆ្នើម កន្លងទៅក្រសួងអប់រំ ធ្លាប់បានលើឡើងថា រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ ក្រសួងនឹងរៀបចំតម្រង់ទិសគ្រូបង្រៀនឱ្យឆ្លើយតបយុ​គ​សម័យឌីជីថលនិងបរិបទថ្មីៗ ជាពិសេសបន្តបោះជំហានទៅរកការអប់រំតាមបែបឌីជីថល។ ក្រសួងនឹងបន្តយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពគ្រូបង្រៀន តាមរយៈការបន្តអនុវត្តកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ កំណែទម្រង់សាលាគរុកោសល្យឱ្យកាន់តែល្អប្រសើរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner