ប្រជាពលរដ្ឋភូមិ ក្រាំលាវជាង៤០០នាក ដែល ពាក់ព័ន្ធ ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ធ្វើតេស ៤លើក អវិជ្ជមាន
តាកែវ៖ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលអាជ្ញាធរបានបិទមួយរយៈបន្ទាប់ពីមានព្រឹត្តិការណ៍ថ្ងៃទី១២ ខែមីនា ដែលបុគ្គល កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ១៩ បានទៅចូលរួមនៅក្នុងពិធីមង្គលការមិត្តរបស់ខ្លួននៅទីនោះ ត្រូវបានអាជ្ញាធរស្រុកសំរោង ចុះទៅបើកឡើងវិញហើយនៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១នេះ ក្រោយមនុស្សជាង៤០០នាក់ ធ្វើតេស្ត ៤លើកទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា ការបើកដំណើរការភូមិក្រាំងឡើងវិញនេះ បន្ទាប់ពីមន្រ្តីសុខាភិបាលបានយកសំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត ៤លើក ទៅលើមនុស្សជាង ៤០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយនឹងបុគ្គលកើតជំងឺកូវីដ១៩ ឈ្មោះ កក្កដា សោភ័ណ្ឌ មកដល់ពេលនេះលទ្ធផលយកសំណាក ទៅលើពួកគាត់ គឺអវិជ្ជមានទាំងអស់។
លោក កេត ម៉ៅ បានថ្លែងថា ដោយមានការណែនាំពីឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមការងារស្រុកសំរោង បានចុះមកធ្វើពិធីបើកដំណើរការនេះហើយ ដោយឱ្យប្រជាពលរដ្ឋចេញចូលដើរហើរ បានដោយសេរី ប៉ុន្តែសុំតម្រូវឱ្យពួកគាត់អនុវត្តតាមវិធានការណ៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕ដោយ -រ៉ាវុធ