សហរដ្ឋអាមេរិកបញ្ចេញរបាយការណ៍ស្តីពីសិទ្ធិមនុស្សកាលពីឆ្នាំមុននៅក្នុងប្រទេសជិត២០០
អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយនូវរបាយការណ៍ស្តីពីសិទ្ធិមនុស្សកាលពីឆ្នាំមុន នៅក្នុងប្រទេសជិត២០០ ដែលត្រូវបានទាមទារជារៀងរាល់ឆ្នាំដោយច្បាប់ និងរួមបញ្ចូលទាំងរបាយការណ៍លម្អិត ស្តីពីគូប្រជែងភូមិសាស្រ្តនយោបាយដូចជារុស្ស៊ី និងចិន ។
កំឡុងពេលធ្វើបទបង្ហាញពីរបាយការណ៍សិទ្ធិមនុស្សជាលើកដំបូង នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន បានសន្យាថា ប្រទេសរបស់លោកនឹងនិយាយពីបញ្ហាសិទ្ធិមនុស្សនៅគ្រប់ទីកន្លែង ទាំងក្នុងប្រទេសជាសម្ព័ន្ធមិត្ត ឬក៏នៅក្នុងសហរដ្ឋមេរិកផ្ទាល់ ។ នៅក្នុងការធ្វើបទបង្ហាញពីរបាយការណ៍សិទ្ធិមនុស្ស ប្រមុខការទូតអាមេរិករូបនេះ ក៏បានសម្ដែងការព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលកងកម្លាំងសន្តិសុខនៃរបបយោធា បានបាញ់សម្លាប់បាតុករច្រើនជាង ៥២០នាក់ហើយ ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក ។
យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនក៏តែងតែធ្វើការវាយប្រហារទៅលើបញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកវិញដូចគ្នា ជាពិសេសគឺការបាញ់ប្រហារសម្លាប់មនុស្សជារឿយៗ ដោយសារតែការរើសអើងជាតិសាសន៍ និងពិបាករកដំណោះស្រាយ ៕ Bangkok Post



