សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងគ្រោងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាស្តីអំពីបញ្ហានៅតំបន់ឧបទ្វីបកូរ៉េនៅថ្ងៃសុក្រសប្តាហ៍នេះ
អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ុលលីវែន (Jake Sullivan) គ្រោងជួបជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោក នៅថ្ងៃសុក្រសប្តាហ៍នេះ ស្ថិតក្នុងគោលបំណងពិភាក្សាគ្នាស្តីអំពីបញ្ហានានា ដោយក្នុងនោះរួមមានការរក្សាសន្តិភាព និងស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នឹងជួបជាមួយអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុនលោក ស៊ីជើរុ គីតាម៊ូរ៉ា (Shigeru Kitamura) និងទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក ស៊ូ ហ៊ុន (Suh Hoon) នៅឯបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅ អាណាប៉ូលិស (Annapolis) រដ្ឋមឺរីលែន (Maryland) ។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់មន្រ្តីជាន់ខ្ពស់ប្រទេសទាំងបីខាងលើនេះ បានគ្រោងធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាល (UNSC) នៅថ្ងៃអង្គារនេះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានចាត់វិធានការភ្លាមៗទេ បើទោះបីសហរដ្ឋអាមេរិកនិយាយថា ស្ថាប័នពិភពលោកមួយនេះកំពុងពិចារណាលើវិធានការថ្មីក៏ដោយ ៕ ប្រភព៖ CGTN