វិភាគ ៖ វិបត្តិសង្គ្រាមសេដ្ឋកិច្ចចិន-អាមេរិកកំពុងរុញក្តីសុបិនរបស់ឥណ្ឌាក្លាយជាមហាអំណាចបច្ចេកវិទ្យា
បរទេស៖ការប៉ះទង្គិចគ្នារវាងអាមេរិក និងចិន នៅតែបន្តកើតឡើងរហូតមកដល់អាណិត្តថ្មីរបស់លោកប្រធានាធិបតី Joe Biden នៅឡើយ ប៉ុន្តែវាត្រូវបានអ្នកវិភាគមើលឃើញថា សង្គ្រាមសេដ្ឋកិច្ចមួយនេះបានជារឿងល្អសម្រាប់ឥណ្ឌាទៅវិញក្នុងពេលនេះក្នុងការឈានទៅសម្រេចបានក្តីសុបិនរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតនៅលើពិភពលោក។
Hinrich Foundation ជាអង្គការធ្វើការដើម្បីជំរុញពាណិជ្ជកម្មពិភពលោកដែលមានផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយនិរន្តរភាព មានមូលដ្ឋាននៅក្នុងទ្វីបអាស៊ីបានរកឃើញថា ឥណ្ឌានឹងទទួលបានប្រយោជន៍ដ៏ធំពីជម្លោះនៃសង្ក្រាមត្រជាក់បែបពាណិជ្ជកម្មរវាងចិន និងអាមេរិក ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមួយដែលប្រជាជាតិមួយចាំបាច់ត្រូវលុបចោលនូវរបាំងដែលតែងតែបានកើតឡើងជាយូរណាស់មកហើយដូចជាបន្ទាន់ក្រហម និងបញ្ហាប្រសិទ្ធភាពធ្វើការរបស់រដ្ឋាភិបាលផងដែរ។
របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Hinrich Foundation នៅថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថាស្ថានភាពតានតឹងនៃបញ្ហាបច្ចេកវិទ្យារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យកើតចេញជាលទ្ធផលថ្មីនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ចាំបាច់ត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងប្រតិបត្តិការរបស់ខ្លួនទៅលើទីតាំងថ្មីដែលមិនមានសំពាធ ហើយក្នុងនោះឥណ្ឌាអាចមើលឃើញយ៉ាងច្បាស់ថា ខ្លួនគឺជាតួអង្គសំខាន់ដែលអាចស្រូបទាញយកឱកាសនេះបានច្រើនយ៉ាធំធេងជាងគេបំផុត។
ក្រោយការប្រកាសរបស់លោកប្រធានាធិបតីអាមេរិកថ្មី Joe Biden នូវពាក្យមួយម៉ាត់ថា China-free ឬមានន័យថាមិនមានផលិតផលរបស់ចិនរួចមកនោះ រោងចក្រធំៗជាច្រើនបានចាប់ផ្តើងងាកមកមើលឃើញឥណ្ឌាភ្លាមថាជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកគេ ខណៈដែលឥណ្ឌាក៏ជាប្រទេសសមាជិកនៅក្នុងក្រុមសេដ្ឋកិច្ចយក្សទាំង4លើពិភពលោកផងដែរ។
កិច្ចប្រជុំមួយដែលត្រូវបានធ្វើឡើងកាលពីដើមខែមីនារវាងបណ្តាប្រទេសទាំង 4បានចាប់យកប្រធានបទសំខាន់មួយដែលបង្ហាញអំពីក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ច និងកម្លាំងយោធារបស់ប្រទេសចិនចំពេលដែលចិន និងឥណ្ឌាទើបតែប្រឈមមុខគ្នាដោយកម្លាំងយោធាតាមបណ្តោយព្រំដែន ដែលរឹតតែធ្វើឲ្យឥណ្ឌាបានទទួលការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាអំណាចផ្សេងទៀតចំពោះការប្រជែងលើទីផ្សារលើគ្រប់វិស័យជាមួយនឹងមហាយក្សចិន។
ជាលទ្ធផលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple Inc., Amazon.com Inc. និង Samsung Electronic Co. ដែល ធ្លាប់តែពឹងផ្អែកទាំងស្រុងទៅលើផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះក៏ចាប់ផ្តើមផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ផងដែរ។
លោក Alex Capri ជាអ្នកជំនាញស្រាវជ្រាវម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបាននិយាយថាជារៀងរាល់ពេលដែលគាត់និយាយទៅកាន់ក្រុមមនុស្សមានឥទ្ធិពលនៅក្នុងវិស័យបច្ចេកវិទ្យាពួកគេតែងតែបាននិយាយថាក្រុមហ៊ុនរបស់គេបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាបណ្តើរៗហើយ ហើយក៏បានលើកឡើងថាវាគឺជាការសម្រេចចិត្តដ៏រសើបបំផុតសម្រាប់អាជីវកម្មរបស់ពួកគេ។ក្រៅពីនេះឥណ្ឌាក៏មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលអាមេរិក ដើម្បីប្រមូលយកក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតមកកាន់ទឹកដីរបស់ខ្លួននៅក្នុងកំឡុងពេលនេះផងដែរ៕