ក្រសួងព័ត៌មាន កំពុងដំណើរការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន កំពុងដំណើរការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួង បុគ្គលិកក្រុមហ៊ុនឯកជន នៃប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេស ក្រោមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ ១លានដូសក្នុងរយៈពេល១ខែ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាសតាមរយៈសារសំឡេងមួយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។

បើតាមមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា តាមគោលការណ៍របស់ក្រសួងព័ត៌មាន នឹងចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ ក្នុង១ថ្ងៃ ក្រោមគោលការណ៍ចាក់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន នៃប្រព័ន្ធផ្សព្វផ្សាយ នៅទូទាំងប្រទេសចំនួន ៥០០០នាក់ ក្នុងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។

ដោយឡែកសម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានរៀបចំមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងព័ត៌មាន ទាំងអស់ ហើយសម្រាប់ថ្ងៃបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន នឹងអញ្ជើញបុគ្គលិករបស់ក្រុមហ៊ុនឯកជន នៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មកចាក់ជូននៅថ្ងៃបន្តបន្ទាប់ទៀតរហូតដល់គ្រប់ចំនួន ៥០០០នាក់ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ ១លានដូសក្នុងរយៈពេល១ខែ។ ផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ តាមសារសំឡេងមួយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។

សម្តេចតេជោ បានបញ្ជាក់ថា យើងត្រូវខិតខំចាក់ក្នុងកម្រិត ១លាននាក់ក្នុង១ខែ។ ប្រសិនបើវ៉ាក់សាំង មកច្រើន ជាងនេះ យើងអាចចាក់លើសពីនេះ ។ សម្តេច ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការ ចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយអន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។

សូមបញ្ជាក់ថា ការប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នេះ បានធ្វើឡើងក្រោយពេលកម្ពុជា ទិញបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ១.៥លានដូស ដែលដឹកនាំមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ ហើយនៅថ្ងៃទី៣១ ខែមីនា កម្ពុជា ក៏ទើបទទួលបានវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិនផងដែរ ៕ ដោយសួង ពិសិដ្ឋ និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner