ពង្រឹងកម្លាំងជាតិទាំងមូល រួមគ្នាប្រយុទ្ធយកឈ្នះលើជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងរយៈពេលជាង១ឆ្នាំនៃការប្រយុទ្ធលើសមរភូមិសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើកកម្ពស់ការជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់ខឿនការពារសុខភាពប្រជាជន ដោយបានដាក់ចេញនូវគោល នយោបាយ និងវិធានការអន្តរាគមន៍បន្ទាន់ជាបន្តបន្ទាប់ និងមានប្រសិទ្ធភាព ។ គោលដៅជាអាទិភាព របស់រាជរដ្ឋាភិបាល គឺ ការការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន ការជួយធ្វើ ឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងការរក្សាឲ្យបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ។ អាស្រ័យដោយចំណាត់ការដ៍មានប្រសិទ្ធភាពនេះហើយ ទើបនៅក្នុងឆ្នាំ២០២០កន្លងទៅ ដែលជាដំណាក់កាល ដ៍លំបាកនៃសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាបានភាពម្ចាស់ការលើការងារអាទីភាព ចម្បង ២ គឺទី១-ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២-ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ ។ កម្ពុជាមិន បានស្នើដល់ម្ចាស់បំណុលពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ ។ កម្ពុជានៅតែមាន សកម្មភាព ដ៍សកម្មក្នុងការបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធី វិនិយោគសាធារណៈ ដូចជា នៅក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ការកសាងផ្លូវ ប្រឡាយទឹក ឬគម្រោងខ្នាត តូចនៅតាមមូលដ្ឋាន និងការអនុវត្តគោល នយោបាយជាតិសង្គមជាដើម ។ រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា ១.១៦៤លានដុល្លារសម្រាប់បម្រុងដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចជាតិ ឆ្នាំ២០២០ ដែលមកដល់ពេលនេះ ថវិកានេះត្រូវបានប្រើប្រាស់អស់មួយចំនួនធំហើយ ។ សម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានត្រៀមបម្រុងកញ្ចប់ថវិកាជាង ៨០០លានដុល្លារ ថែមទៀត ដែលសរុបជារួម យើងមាន ថវិកាជាង ១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហានេះ ។
ប៉ុន្តែ «ព្រឺត្តិការណ៍សហគមន៍ ២០ កុម្ភៈ » ដែលបានផ្ទុះឡើង បានធ្វើឲ្យមានការប៉ះទង្គិចជាថ្មីយ៉ាង ធ្ងន់ធ្ងរ បំផុតទៅលើដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជានិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាហើយ វាបាន ក្លាយទៅជាបន្ទុកបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលក្នុងការប្រកាន់យកជំហរម៉ឺងម៉ាត់ដើម្បីប្រយុទ្ធជាមួយនឹងជំងឺដ៍កាចសាហាវនេះ ។ ព្រឹត្តិការណ៍នេះមានលក្ខណៈធ្ងន់ធ្ងរជាងព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា និង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលតម្រូវឲ្យប្រជាជនកម្ពុជាត្រូវតែខិតខំយកចិត្តទុកដាក់ និងបង្កើន ល្បឿននៃ កិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នាទ្វេឡើងថែមទៀត ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជម្ងឺ កូវីដ-១៩ ដោយការ ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព គោរពឲ្យបានពេញលេញការណែនាំនូវវិធានការសុខភាព សាធារណៈ ទប់ស្កាត់ឲ្យបានការឆ្លងរាលដាលទ្រង់ទ្រាយធំ ។ ក្នុងសភាពការណ៍ដ៍បន្ទាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានយក ចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ និងដើម្បីជួយរក្សាលំនឹងផលិតកម្មអាជីវកម្មនិងជីវភាពរស់នៅរបស់ប្រជាជន ។ វិធានការច្បាប់ត្រូវប្រកាន់យក និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុខភាពសាធារណៈរបស់ប្រជាជនការពារអាយុជីវិតរបស់ប្រជាជន ដោយធានាទប់ស្កាត់មិនឲ្យជំងឺនេះឆ្លងរាលដាលកាន់តែធំរបូតចេញផុតពីការគ្រប់គ្រង ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិ បាលបានស្នើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ហើយត្រូវបានរដ្ឋសភាពិភាក្សាអនុម័តយល់ព្រម និងបន្ទាប់មកព្រឹទ្ធ សភាក៍បានពិនិត្យនិងឲ្យយោបល់ឯកភាពទាំងស្រុង ហើយត្រូវបានសម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទីចុះហត្ថ លេខា នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដាក់ឲ្យប្រើប្រាស់ជាបន្ទាន់ ។ ព្រមជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៍បានដាក់ចេញអនុក្រិតស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រិតលេខ១២៩ អនក្រ បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល និងអនុក្រិតស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងអនុក្រិតស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ នេះជាឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិត របស់ ប្រជាជន និងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រឈមនិង ការគំរាមកំហែងពីរីករាលដាលនៃជំងឺកូវីដ-១៩ ។

បច្ចុប្បន្ននេះ កម្ពុជាបានទទួលនិងកំពុងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយនឹងជំនឿទុកចិត្តខ្ពស់ បំផុតក្នុងចំណោមប្រជាជនទូទាំងប្រទេស ព្រមគ្នានឹងការជំរុញយុទ្ធនាការបន្តអនុវត្តនូវវិធានការទាំងឡាយរបស់ ក្រសួងសុខាភិបាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ខ្លួន សុខមាល ភាពរបស់ក្រុមគ្រួសារ របស់សហគមន៍ និងរបស់សង្គមជាតិយើងទាំងមូល ។ ប៉ុន្តែយើងក៍ទទួលស្គាល់ថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានទៅលើបញ្ហាសុខភាព និងជីវភាពប្រចាំថ្ងៃ របស់ប្រជាជន ។ វានៅតែជាហានិភ័យខ្ពស់បង្កឲ្យមានបញ្ហាថ្ងន់ធ្ងរសម្រាប់រយៈពេលយូរតទៅមុខទៀត ហើយ ដែល យើងនៅតែមិនអាចប៉ាន់ស្មានបានអំពីទំហំនៃផលវិបាកមកលើសេដ្ឋកិច្ចសង្គម អាយុជីវិត និងជីវភាពរស់នៅរបស់ ប្រជាជន ។ វ៉ាក់សាំងមិនមែនជាដំណោះស្រាយតែមួយគត់នោះទេ ។ វ៉ាក់សាំងអាចជួយកាត់បន្ថយការ សម្រាក ព្យាបាលនៅមន្ទីរពេទ្យ កាត់បន្ថយមិនឲ្យឈឺធ្ងន់ធ្ងរ ប៉ុន្តែវ៉ាក់សាំងតែមួយមុខមិនអាចបញ្ចប់ការឆ្លងរាតត្បាតនៃជំងឺ កូវីដ-១៩ បានទេ ហើយក៍មិនអាចបញ្ចប់ការផ្ទុះរាលដាលនៃជំងឺនៅពេលបច្ចុប្បន្ននេះបានដែរ ។ ប៉ុន្តែវ៉ាក់សាំងគឺជា មធ្យោបាយដោះស្រាយជាយុទ្ធសាស្ត្រដែលត្រូវគួបផ្សំដោយជៀសមិនបានជាមួយនឹងការអនុវត្តន៍វិធានការសុខាភិបាល ដែលបានដាក់ចេញ ដើម្បីឈានទៅសម្រេចជោគជ័យជាមួយការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ ។ ក្នុងស្មារតី នេះយើងត្រូវរួមគ្នាអនុវត្តឲ្យបានជោគជ័យនូវរាល់បណ្តាភារកិច្ចសំខាន់ៗនោះគឺ ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោល ការណ៍« ៣កុំ » គឺ កុំទៅកន្លែងដែលមានមនុស្សកុះករ កុំទៅកន្លែងបិទជិត និងកុំឧិបរឹតគ្នា និង « ៣ការពារ » គឺ ត្រូវពាក់ ម៉ាស់ លាងដៃឲ្យស្អាត និងរក្សាគម្លាតឲ្យបានយ៉ាងតិចមួយម៉ែតកន្លះ ។ ជាមួយគ្នានេះ យើងទាំងអស់គ្នា ក៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ផ្នែក និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានលះបង់ពេលវេលា និង បញ្ជេញអស់នូវកម្លាំងកាយ កម្លាំងចិត្ត ក្នុងការធ្វើពលិកម្មដ៍អង់អាចដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សប្បុរស ជនទាំងឡាយដែលបានជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា និងជាស្មារតី ដើម្បីជួយសម្រាលបន្ទុករបស់ រាជរដ្ឋាភិ បាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងឲ្យឃើញនូវស្មារតីមហាសាមគ្គីជាតិដ៍ ទូលំទូលាយយ៉ាងក្រៃលែងរបស់ជាតិយើងទាំងមូល ដែលជាប្រពៃណីយូរអង្វែងមកហើយ ។ ការជួយឧបត្ថម្ភ ពី សហគមន៍អន្តរជាតិក៍ដូចជាបណ្តាប្រទេសជាមិត្តក៍បានរួមចំណែកយ៉ាងសំខាន់ក្រៃលែងសម្រាប់កម្ពុជា ក្នុងការ ជម្នះស្ថានភាពដ៍លំបាកនេះ ។
រាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាប័ន្ន ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។ ជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារ សង្គមប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព និងបន្តជំរុញអនុវត្តបណ្តាវិធានការគោលនយោបាយសំខាន់ៗផ្សេង ទៀតដើម្បីរក្សាស្ថិរភាពជីវភាពប្រជាជន តាមគន្លងប្រក្រតីកម្មថ្មី ដោយបន្តជួយឧបត្ថម្ភគាំទ្រ ដោះស្រាយនូវរាល់ការ លំបាកជូនដល់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ធ្វើយ៉ាងណាឲ្យជីវភាពប្រជាជនមានលំនឹងជាមូលដ្ឋាន គ្មានប្រជា ជនណាម្នាក់ត្រូវរងគ្រោះដាច់ស្បៀងអាហារ ដោយគណបក្ស និងរាជរដ្ឋាភិបាលមិនដឹង និងមិនបានជួយដោះ ស្រាយនោះឡើយ ។ ជំរុញលើកទឹកចិត្តការបង្កបង្កើនផលក្នុងវិស័យកសិកម្ម ដើម្បីគាំទ្រដល់ផលិតកម្មកសិកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស ។ លើកទឹកចិត្តឲ្យក្រុមហ៊ុនអភិវឌ្ឍ អចលនវត្ថុទាំងអស់ជួយដោះស្រាយបញ្ហាសម្ពាធហិរញ្ញវត្ថុរបស់ប្រជាជន ជាអ្នកទិញអចលនវត្ថុនៅតាមបុរី និង អគារសហកម្មសិទ្ធនានាពិនិត្យអំពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលោះ លើកលែងការផាកពិន័យមិនត្រូវមាន បន្ទុកការប្រាក់ ឬជាប់ពិន័យបន្ថែមចំពោះអតិថិជនរហូតដល់ដំណាច់ខែមីនា ។
នៅលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ប្រជាជនកម្ពុជាទូទាំងប្រទេសនៅតែមានជំនឿទុកចិត្តយ៉ាង មុតមាំទៅលើសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាល និងការរួបរួមគ្នាជាមហាកម្លាំងជាតិទាំងមូល ចូលរួមអនុវត្ត នូវ វិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ បន្តពង្រឹងស្មារតី ប្រុងប្រយ័ត្នខ្ពស់គ្រប់វិនាទី គ្រប់ដង្ហើមចេញចូល គ្រប់ទីកន្លែង ដោយប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តយកឈ្នះ ឲ្យបានលើរាល់បញ្ហាប្រឈមទាំងឡាយចំពោះមុខ ក្នុងសង្ក្រាមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៍កាចសាហាវនេះ ៕

ទស្សនាវដ្តីប្រជាជន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner