មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បង្ហាញពីការពិន័យ និងទោសទណ្ឌចំពោះអ្នកមិនគោរព និងការរារាំងវិធានការរដ្ឋបាល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១មីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលអនុក្រឹត្យនោះ មានគោលបំណងកំណត់អំពីវិធានការរដ្ឋបាល ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបបរមានូវផលប៉ះពាលនៃការឆ្លងជំងឺនោះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១មេសាឆ្នាំ២០២១ បានប្រកាសដាក់បម្រាមគោចរ រយៈពេល២សប្ដាហ៏ចាប់ពីថ្ងៃសទី១មេសាដល់ថ្ងៃ១៤មេសាឆ្នាំ២០២១ ដោយរឹតត្បិតការធ្វើដំណើរនៅពេលយប់ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅរសៀលថ្ងៃទី១មេសា បានបបង្ហាញពីការពិន័យ និងទោសទណ្ឌ តាមមាត្រា១០ និងមាត្រា១១ ចំពោះអ្នកមិនគោរព និងការរារាំងវិធានការរដ្ឋបាល ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
មាត្រា១០ បទមិនគោរពវិធានការរដ្ឋបាល
ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី១លានរៀល ទៅ ៥លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនោះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនោះបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
មាត្រា១១ បទរារាំងដល់ការអនុវត្តវិធានការ អំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ១០លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនោះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។