ថវិកាប្រមាណជិត2ពាន់លានដុល្លារ ត្រូវបានចំណាយទប់ទល់នឹងវិបត្តិជំងឺកូវីដ-19

ភ្នំពេញ ៖ ប្រទេស​កម្ពុជាដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-19 ​ដែល​កំពុង​បន្ត​យាយី​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​បាន​ចំណាយ​ថវិកាប្រមាណ​ជិត ​2​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​ ​។ នេះបើតាម ឯកឧត្តម  វ​ង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​កម្ពុជា​បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ានលើក​ទី 25 (25th AFMM) នៅក្នុងសប្ដាហ៍នេះតាមរយៈប្រព័ន្ធវីដេអូ។

​ឯកឧត្តម  វ​ង្ស៊ី វិស្សុត បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាតត្បាតនៃ​ជំងឺ​កូ​វីដ​-19 និង​គ្រប់គ្រង​ផល​ប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗនៃ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍ចំនួន 8ជុំ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ 1.164លាន​ដុល្លារក្នុង​ឆ្នាំ2020 និង 719លាន​ដុល្លារ ក្នុង​ឆ្នាំ​2021​នេះ​។

បន្ថែម​ពី​នេះ លោក​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជាកំពុង​រៀបចំដាក់ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-19 ឆ្នាំ​2021-2023 ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ចំនួន 3 គឺ (1)- ការ​ងើប​ឡើងវិញ និង​ការរស់រាន (Revival and Survival)៖ ការកសាង​មូលដ្ឋានគ្រឹះ​រឹងមាំ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច​ (2)- ការកែទម្រង់ (Reform)៖ ប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង (3)- ការ​លើក​កម្ពស់​ភាព​ធ​ន់ (Resilien ce)៖ ពង្រឹង​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ទៅនឹង​វិបត្តិ​ដែល​នឹង​អាច​កើតឡើង​នាពេល​អនាគ​ត​។

ក្រៅ​ពី​នេះ ឯកឧត្តម វ​ង្សី វិស្សុត ក៏បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិ បាល​ធនាគារ​កណ្តាល​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN BAC) ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក (US-ABC) និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប (EU-ABC) ដើម្បី​ពិភាក្សា​លើ​ចំណុច ​សំខាន់ៗ មួយចំនួន ដូចជា​៖ ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល​ ការតភ្ជាប់​ពាណិជ្ជកម្ម​ឌីជីថល​ ថា​មពល​បៃតង និង​ការផ្តល់​ហិរញ្ញប្បទាន សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ក្នុង​នោះ ឯកឧត្តម វ​ង្សី វិស្សុត បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​នានា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​វិស័យ​ឯកជនក្នុង​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគទាំង​ក្នុងប្រទេស និង​ឆ្លងកាត់​ព្រំដែន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner