ផ្លែមន ឬ Mulberry ផ្តល់ប្រាក់ចំណូលប្រមាណ 1,000ដុល្លារក្នុងមួយសប្ដាហ៍ដល់ម្ចាស់ចំការនៅខេត្តបាត់ដំបង
បាត់ដំបង ៖ ផ្លែមន ឬហៅថា Mulberry គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើនមិនសូវស្គាល់ និងពេញនិយមហូបនោះទេ។ អ្នកខ្លះស្គាល់វាថាជាថ្នាំខ្មែរបុរាណ ដែលគេយកដើមរបស់វាទៅដាំទឹកផឹកកែរោគជាដើម ប៉ុន្តែចំណុចពិសេសដែលប្រជាជនខ្មែរមិនសូវដឹងនោះគឺ ផ្លែរបស់វាមានរសជាតិឆ្ញាញ់ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ។
ឆ្លៀតក្នុងពេលដែលប្រជាជនខ្មែរមិនទាន់បានដឹងលម្អិតអំពីផ្លែឈើប្រភេទនេះ អ្នកស្រី ឡី ចាន់នី ដែលជាកសិករម្នាក់នៅឯស្រុកបាណន់ ខេត្តបាត់ដំបង បានចាប់ផ្តើមមានគំនិតក្នុងការទិញដើមយកមកដាំដើម្បីទទួលយកផល ដោយដំបូងឡើយចាប់ផ្ដើមត្រឹមតែប្រមាណ 200ដើមប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយឃើញថាខ្លួនអាចទទួលផលពីការលក់ផ្លែមនបានច្រើន អ្នកស្រី ក៏បានទិញកូនមកដាំបន្ថែម និងបង្កាត់កូនដោយខ្លួនឯងខ្លះ រហូតកើតបានជាចំការ Mulberry មួយដ៏ធំនៅលើផ្ទៃដីទំហំ ២ហិកតាដែលប្រមូលផលមិនចេះអស់។
អ្នកស្រីបានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ AMS ថា៖ «ជាមធ្យម យើងបេះបានពី20គីឡូ ទៅ50គីឡូក្នុងរយៈពេលពីរថ្ងៃម្ដង ហើយក្នុងមួយគីឡូយើងលក់ក្នុងតម្លៃ8ដុល្លារ។ ពេលបេះបានម្ដងៗ ខ្ញុំមានកូនៗជាអ្នកជួយលក់បន្តតាមអនឡាញ ហើយមិនដែលសល់បានយូរទេ បេះបានប៉ុណ្ណាគឺលក់អស់ប៉ុណ្ណឹងតែម្ដង»។
អ្នកស្រីបន្តថា «តម្លៃនេះមិនថ្លៃនោះទេ ហើយអតិថិជនក៏មិនសូវតថ្លៃដែរ។ អ្វីដែលធ្វើឲ្យអ្នកទិញមិនសូវសូញសាញទៅលើតម្លៃ គឺដោយសារតែ ពួកគាត់បានដឹងពីអត្ថប្រយោជន៍នៃផ្លែឈើនេះទៅលើសុខភាពរបស់ពួកគាត់ពិតៗ។ ជាក់ស្ដែងអតិថិជនភាគច្រើនដែលមានបញ្ហារោគស្ត្រីរុំារ៉ៃនោះ បាននិយាយដូចគ្នាថា បញ្ហារបស់ពួកគាត់ចាប់ផ្ដើមធូរស្រាលម្ដងបន្តិចៗ បន្ទាប់ពីហូបផ្លែមនេះជាប់ជាប្រចាំ»។
បើនិយាយអំពីការដាំដុះ ក៏ដូចជាការថែទាំវិញ អ្នកស្រី ចាន់នី បានបញ្ជាក់ថា វាមិនពិបាកក្នុងការថែទាំនោះទេ បើប្រៀបទៅនឹងដំណាំមួយចំនួនដូចជា ធុរ៉េន ស្ត្រប៊ឺរីជាដើម។ ផ្ទុយទៅវិញ វាគ្រាន់តែទាមទារការស្រោចទឹកឲ្យបានគ្រប់គ្រាន់ ឯការប្រមូលផលវិញគឺបានពេញមួយឆ្នាំតែម្ដង។ ពេលនេះវាក្លាយទៅជារបរមួយដែលអាចទប់ទល់ទៅលើការផ្គត់ផ្គង់គ្រួសាររបស់អ្នកស្រីបានមួយផ្នែកធំ។
អ្នកស្រីបានសង្កត់ធ្ងន់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំមកនេះ ចំការមនបានផ្ដល់កម្រៃដល់គ្រួសាររបស់អ្នកស្រីច្រើនបំផុតរហូតដល់ 1,000$ និងទាបបំផុត 400$ ក្នុងមួយសប្ដាហ៍ ដែលនេះជាចំនួនមួយដែលកសិករទូទៅមិននឹកស្មានដល់។ វាជាកសិកម្មថ្មីមួយដែលមិនទាន់ទទួលបានការចាប់អារម្មណ៍ពីកសិករនៅឡើយ ហើយក៏ជាគំនិតល្អមួយក្នុងការធ្វើទំនើបកម្មជាជាងការទុកដីឲ្យទំនេរចោល៕