បុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អនុលោមតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការរៀបចំកម្មវិធីរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្ងៃទី០១ ជូនដល់បុគ្គលិកមន្ត្រីរាជការ នៃគ្រប់អង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួង ដែលយុទ្ធនាការនេះមានរយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
សូមគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងដោយមានកិច្ចសហការយ៉ាងស្អិតរមួតពីគ្រប់ប្រធានអង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួង, អនុគណៈកម្មការចំពោះកិច្ច ទទួលបានបុគ្គលិកមន្ត្រីរាជក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៣,៧៩០ នាក់ ពីគ្រប់អង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសុទ្ធសឹងតែជាអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំង ដែលបានសបញ្ជាក់ឱ្យឃើញពីឆន្ទៈដ៏មោះមុតរបស់បុគ្គលិកមន្ត្រីរាជការទាំងអស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិ ស្របតាមគោលដៅរក្សាឱ្យបាននូវសុខសុវត្ថិភាពសង្គមនិងសុខុមាលភាពសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរកត់សម្គាល់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ អាចប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺអាស្រ័យដោយមានការចូលរួមពីក្រុមការងារគ្រប់ផ្នែកនៃអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានកិច្ចសហការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ តាមរយៈការផ្ដល់នូវវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)គ្រប់ចំនួនដូសនិងក្រុមគ្រួពេទ្យជំនាញ ក៏ដូចជាបរិក្ខារបច្ចេកទេសផ្សេងៗទៀត សម្រាប់គាំទ្រឱ្យកិច្ចដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រ។
សូមបញ្ជាក់ជូនបន្ថែមថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតដល់ចប់យុទ្ធនាការរយៈពេល ១០ ថ្ងៃ សំដៅធានាធ្វើយ៉ាងណាឱ្យគ្រប់បុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានស្ម័គ្រចិត្ត សុទ្ធតែទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក