អង្គការ WHO ព្រមានថា ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នឹងធ្វើអោយបញ្ហាវីរុសរាតត្បាតសកលអូសបន្លាយកាន់តែយូរ
អឺរ៉ុប៖ ការិយាល័យរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ បានទទូចដល់រដ្ឋាភិបាលក្នុងតំបន់ឲ្យបង្កើនការផលិតវ៉ាក់សាំង និងយុទ្ធនាការចាក់វ៉ាក់សាំងព្រមជាមួយគ្នា ។
នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Henri P. Kluge បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កាលពីសប្តាហ៍មុនអឺរ៉ុបមើលឃើញករណីឆ្លងថ្មីរហូតដល់១.៦លានករណី និងករណីស្លាប់២ម៉ឺន៤ពាន់នាក់ដែលធ្វើឲ្យអឺរ៉ុបក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងទី២ លើពិភពលោក ។ លោក Kluge បានសង្កត់ធ្ងន់ទៀតថា វ៉ាក់សាំងជាវិធីល្អបំផុតរបស់យើង សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត… តែទោះយ៉ាងណា ដំណើរការចាក់វ៉ាក់សាំងដូចជាយឺតយ៉ាវខ្លាំង ដែលមិនអាចទទួលយកបានទេ ។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានតែ១០ភាគរយ នៃប្រជាជនសរុបក្នុងតំបន់ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយមានតែ៤ភាគរយប៉ុណ្ណោះដែលបានចាក់ពេញលេញ ៕ ស៊ីនហួរ