សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំដែលដឹកនាំដោយសហភាពអឺរ៉ុបរវាងមហាអំណាចពិភពលោក និង អ៊ីរ៉ង់ ស្តីពីអាវុធនុយក្លេអ៊ែរតាមអនឡាញនៅថ្ងៃសុក្រនេះ
អាមេរិក៖ ក្រសួងការបរទេសអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួនស្វាគមន៍កិច្ចប្រជុំដែលដឹកនាំដោយសហភាពអឺរ៉ុបរវាងមហាអំណាចពិភពលោកនិងអ៊ីរ៉ង់ ដែលគ្រោងរៀបចំឡើងតាមវីដេអូខុនហ្វើរិន ដើម្បីពិភាក្សាពីលទ្ធភាពនៃការវិលត្រឡប់របស់សហរដ្ឋអាមេរិក មកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយ បានប្រាប់អ្នកសារព័ត៌មានថា យើងពិតណាស់ស្វាគមន៍រឿងនេះដែលជាជំហានវិជ្ជមាន ហើយថា យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការវិលត្រឡប់ទៅរកការអនុលោមតាមការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង JCPOA របស់យើង ស្របជាមួយអ៊ីរ៉ង់ដែលធ្វើដូចគ្នាអ៊ីចឹងដែរ” ។ សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកតំណាងមកពីប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ ដែលនៅតែជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះ បន្ទាប់ពីសហរដ្ឋអាមេរិកចាកចេញនោះ នឹងចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញនៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ។
បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ អ្នកចូលរួមនឹងពិភាក្សាពីចក្ខុវិស័យនៃលទ្ធភាពវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅក្នុងកិច្ចព្រមព្រៀង JCPOA និងវិធីធានានូវការអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាពដោយភាគីទាំងអស់ ៕ ប្រភព៖ ស៊ីនហួរ