ចំនួនអ្នកស្លាប់កើនឡើងដល់៣៦នាក់ ក្រោយរថភ្លើងដឹកមនុស្ស៣៥០នាក់រត់ធ្លាក់ចេញពីផ្លូវនៅកោះតៃវ៉ាន់
កោះតៃវ៉ាន់៖ ក្រសួងដឹកជញ្ជូនកោះតៃវ៉ាន់បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយ សារតែរថភ្លើងមួយខ្សែបានក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងរូងក្រោមដីមួយកន្លែង នៅភាគខាងកើតកោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ បានកើនឡើងដល់៣៦នាក់ និងជាច្រើនអ្នកផ្សេងទៀតរងរបួស ។
ក្រសួងពន្លត់អគ្គិភ័យកោះតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា រថភ្លើងខាងលើមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងថៃទុង ប៉ុន្តែបានធ្លាក់ចេញពីផ្លូវក្នុងរូងក្រោមដីមួយកន្លែង ស្ថិតនៅក្បែរទីក្រុងហ័រលៀន ។ បើតាមសេចក្តីថ្លែងការណ៍របស់មន្រ្តីប៉ូលិស មនុស្ស៧២នាក់នៅតែជាប់នៅក្នុងរថភ្លើង ខណៈដែលអ្នកដំណើរ៦១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហើយមកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់ខាងលើនេះដែរ ការិយាល័យរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីបានចេញបញ្ជាទៅកាន់មន្ទីរពេទ្យអោយត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ធំមួយនេះ ហើយថា អទិភាពកំពូលនៅពេលនេះ គឺការជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងរថភ្លើង ៕ប្រភព៖ Reuters