ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាលត្រូវបានគេប្រទះឃើញ និងថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា
រាជធានីភ្នំពេញ៖យ៉ាងហោចណាស់ហ្វូងសត្វដំរីព្រៃចំនួន៣៨ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងថតបាននៅ ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។នេះជាការប្រទះឃើញសត្វដំរីដ៏ច្រើនជាថ្មីម្តងទៀតនៅតំបន់ទឹកដីខេត្តមណ្ឌលគិរី។ យោងតាមប្រភពខាងលើនេះ បានឱ្យដឹងថាសត្វដំរីដែលគេប្រទះឃើញនេះវាកំពុងនាំគ្នាចុះផឹកទឺក និង លេងទឹកនៅក្នុងត្រពាំងមួយ ក្បែរទីស្នាក់ការរដ្ឋបាលព្រៃឈើ ក្នុងដែននៃតំបន់អភិរក្សសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី។
ជាមួយការប្រទះឃើញសត្វព្រៃដ៏កម្រនេះដែរ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ កុំរំខានដល់សត្វដំរីព្រៃទាំងនេះ និងចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃដ៏កម្រនេះឱ្យបានគង់វង្ស ខណៈបច្ចុប្បន្ន ចំនួនរបស់ពួកវា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៤០០ទៅ ៦០០ក្បាលប៉ណ្ណោះ នៅក្នុងតំបន់ ការពារធម្មជាតិនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាន្ត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ យកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយនិងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខានដោយសារតែវត្តមានរបស់មនុស្ស នៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់ជាការសង សឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
គួរបញ្ជាក់ថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នានិងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។
បើតាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិ ដែលត្រូវបានមន្រ្តីក្រសួងបរិស្ថានអះអាងកាលពីកន្លងមកបានឱ្យដឹងថានៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី ៧ ក្បាលមាន ៤ក្បាលដែលមានអន្ទាក់នៅ ជាប់នឹងជើងរបស់ពួកវា ហើយក៏មានកូនដំរីព្រៃមួយក្បាលដែរដែលបានស្លាប់ដោយជាប់អន្ទាក់។ ភស្តុតាងនេះបានបញ្ជាក់ថាការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជានៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផង ដែរព្រោះវាអាចបណ្តាលឱ្យសត្វដំរីរងរបួស និងស្លាប់បាន៕ដោយ៖ម៉ាដេប៉ូ