ថវិកាជិត១លានដុល្លារត្រូវបានរដ្ឋាភិបាលជប៉ុនដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជំនួយបន្ទាន់ក្នុងទឹកប្រាក់ ៣៦លាន៩សែនដុល្លារអាមេរិក ដល់អង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំង ក្នុងប្រទេសចំនួន១២ ដែលរងផល ប៉ះពាល់ដោយជំងឺកូវីដ-១៩។ ក្នុងនោះថវិកាជិត១លានដុល្លារនៃថវិកាសរុប នឹងត្រូវដកមកប្រើប្រាស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់ តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល។
លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំង នៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយ សារការចែកចាយផ្ដល់វ៉ាក់សាំង គឺមានសារសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ លោកថា បទពិសោធន៍ច្រើនឆ្នាំរបស់យូនីសេហ្វ ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តកម្មវិធីផ្ដល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឱ្យរដ្ឋាភិបាលជប៉ុនមានទំនុកចិត្តទាំងស្រុងថា ជំនួយនោះ ពិតជានឹងនាំឱ្យសម្រេចបាន នូវលទ្ធផលវិជ្ជមានយ៉ាងធំធេងមកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។
លោកឯកអគ្គរាជទូតជប៉ុន បន្តថា រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ទប់ស្កាត់បានទាំងស្រុង និងអាចស្តារ ទ្បើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ (Foroogh Foyouzat) នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រដល់កម្ពុជាក្នុងពេលដ៏ចាំបាច់នេះ ជាពិសេសក្នុងពេលដែលចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ លោកស្រី មានប្រសាសន៍ថា មូលនិធិដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយនេះ គឺជាជំហានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិនេះ។
សូមបញ្ជាក់ថា ប្រទេសជប៉ុន បានផ្ដល់ជំនួយថវិកាចំនួន២០០លានដុល្លារ ដល់កម្មវិធី COVAX ដែលជាយន្តការអន្តរជាតិដឹកនាំដោយ Gavi CEPI អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីធានា និងពន្លឿនការផ្ដល់វ៉ាក់សាំង ប្រកបដោយសមធម៌ក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕